ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជន​២​នាក់​ លួ.ច​នាំ​ទំនិញ​ពី​ថៃ​ ចូល​មក​កម្ពុជា​ ៤​បាវ

4 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ការពារ​ព្រំដែន​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​២​នាក់​ដែល​លួច​នាំ​ទំនិញ​ពី​ថៃ​ចូល​មក​កម្ពុជា​ចំនួន​៤​បាវ​នៅ​យប់​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២៦​ក្បែរ​ព្រំដែន​ស្ថិត​ភូមិ​អភិវឌ្ឍន៍ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។

លោក​អនុសេនីយ៍ឯក ចេ​ង សុ​ម៉ាច នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​ប្រាប់​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ និង​រឹបអូស​ទំនិញ​ពី​ថៃ​នេះ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក និង​កម្លាំងយោធា​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​យក​ម៉ូតូ​អូស​រទេះដឹក​ទំនិញ​ចេញពី​ព្រំដែន​ដែល​លួច​នាំ​ចូល​ពី​ថៃ​មក​កម្ពុជា​ត្រូវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ម៉ូតូ​១​គ្រឿង រទេះ​១​គ្រឿង និង​ទំនិញ​៤​បាវ ។

លោក​បាន​បញ្ជាក់​ថា ទំនិញ​ចម្រុះ​ដែល​កម្លាំង​ចាប់​បាន​មាន​ដូច​មាន​សម្ភារៈ​ប្រើប្រាស់ និង​គ្រឿង​បរិភោគ ។ ក្រោយ​ចាប់​បាន​សមត្ថកិច្ច​ចម្រុះ​រៀបចំ​នីតិវិធី​ប្រគល់​ទៅ​ទីបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​តាម​ច្បាប់ ។

លោក​អនុសេនីយ៍ឯក ចេ​ង សុ​ម៉ាច បាន​បញ្ជាក់​ថា តាម​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី សឿ​ម សា​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​សហការ​ជាមួយ​កម្លាំងយោធា​បាន​ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​ទប់ស្កាត់​ពលករ​ដែល​ចាញ់បោក​មេខ្យល់ និង​បង្ក្រាប​ទំនិញ​ដែល​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ដោយ​ល្មើសច្បាប់​ត្រូវ​អនុវត្តន៍​ឱ្យ​បាន​ស្រប​ពេល​ដែល​ទំនិញ​ឆ្លងកាត់​ព្រំដែន​គោក សុទ្ធតែ​ខុសច្បាប់​ទាំងអស់ ដោយសារ​តែ​ខាង​យោធា​ថៃ​បាន​បិទ​ច្រកព្រំដែន​ជា​ឯកតោភាគី ម្យ៉ាង​ពលរដ្ឋ​កម្ពុជា​ក៏​បាន​ធ្វើ​ពហិកា​មិន​ទទួល​ទំនិញ​ថៃ​ផង​ដែរ ៕