ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​ ៖ តំបន់​ទេ​ទឹក​ពុះ ទឹកធ្លាក់​ចំបក់ រហូត​ដល់​ភ្នំ​ខ្នង​ផ្សារ គឺជា​ត្បូង​ពេជ្រ​លាក់ខ្លួន​របស់​ខេត្តកំពង់ស្ពឺ

4 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ការ​លើក​ឡើង​ពី​អ្នកជំនាញ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា «​ត្បូង​ពេជ្រ​មិន​ទាន់​ច្នៃ​» នៃ​វិស័យ​ទេសចរណ៍ធម្មជាតិ របស់​ខេត្តកំពង់ស្ពឺ កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពី​សហគមន៍​អន្តរជាតិ​។ តំបន់​លម្ហែ​បៃតង​ល្បី​ៗ រួម​មាន​ទេ​ទឹក​ពុះ ទឹកធ្លាក់​ចំបក់ និង​តំបន់​ភ្នំ​ខ្នង​ផ្សារ ត្រូវ​បាន​ទទួលស្គាល់​ថា ជា​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ខ្ពស់​បំផុត​របស់​កម្ពុជា​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​ផេ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន​។

សក្តានុពល​នៃ​គោលដៅ​លម្ហែ​បៃតង​ទាំង​អស់នេះ ត្រូវ​ផ្សាយ​នៅ​លើ​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ Associated Press (AP) នា​ពេល​ថ្មី​ៗ​នេះ ដែល​បាន​ស្រង់​សំដី​អ្នកជំនាញ ផ្នែក​ការ​ប្រែប្រួល​អាកាសធាតុ​មួយ​រូប ធ្វើ​ធ្វើការ​ចាប់អារម្មណ៍ លើ​សម្រស់​ធម្មជាតិ និង​សក្តានុពល​នៃ​គោលដៅ​លម្ហែ​បៃតង​នៃ​ខេត្តកំពង់ស្ពឺ និង​បាន​ចាត់​ទុក​ខេត្តកំពង់ស្ពឺ កំពុង​លាក់​ទុក «​ត្បូង​ពេជ្រ​» ដែល​ស្ថិត​នៅ​ជិត​រាជធានី​ភ្នំពេញ និង​ងាយស្រួល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​។

លោកស្រី Daniella Chehade ប្រធាន​ក្រុមការងារ សម្រប​សម្រួលការ​ប្រែប្រួល​អាកាសធាតុ នៃ​ទីភ្នាក់ងារ​អន្តរជាតិ បាន​ចែករំលែក​ចំណាប់អារម្មណ៍ បន្ទាប់​ពី​បាន​ទៅ​ទស្សនា​នៅ​តាម​តំបន់​ទេស​រណ៍​ធម្មជាតិ និង​សហគមន៍​តំបន់ការពារធម្មជាតិ ក្នុង​ខេត្តកំពង់ស្ពឺ រួម​មាន​តំបន់​ទេ​ទឹក​ពុះ ក្នុងភូមិ​សាស្ត្រ​ស្រុក​ឱ​រ៉ា​ល់ និង​ទឹកធ្លាក់​ចំបក់ ក្នុងស្រុក​ភ្នំស្រួច ក្នុង​ខេត្តកំពង់ស្ពឺ​។

លោកស្រី​បាន​ពិពណ៌នា​អំពី​តំបន់​ទេ​ទឹក​ពុះ ដែល​ថ្មភក់​នៅ​ទីនោះ សម្បូរ​ដោយសារ​ធាតុ​ស៊ុ​ល​ហ្វួ​រ (Sulfur) និង​ជា​តំបន់​ទាក់ទាញ​ក្នុងស្រុក​ដ៏​ពិសេស​មួយ​។ គម្រោង​បន្សាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ បាន​ស្នើ​ឡើង ក្នុង​គោលបំណង​ស្តារ​ឡើង​វិញ នូវ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ទីនោះ និង​ការ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ពង្រឹង​ជំនាញ​ប្រជាពលរដ្ឋ​ក្នុងស្រុក ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​រស់នៅ​ប្រកបដោយ​ចីរភាព និង​ការ​អភិវឌ្ឍន៍​គោលដៅ​លម្ហែ​បៃតង​។

នៅ​ឯ​ទឹកធ្លាក់​ចំបក់ លោកស្រី Chehade បាន​សរសើរ​អំពី​ទេសភាព និង​សេវាកម្ម​ទេសចរណ៍​របស់​សហគមន៍​តំបន់ការពារធម្មជាតិ​នៅ​ទីនោះ​។ សហគមន៍​បាន​បង្កើត​គម្រោង ដើម្បី​កែ​លម្អ​ផ្លូវ​ដើរ និង​បង្កាន់ដៃ​សុវត្ថិភាព ព្រមទាំង​ពង្រឹង​ការ​គ្រប់គ្រង​ទឹក​សម្រាប់​កសិករ និង​ការ​ស្តុក​ទឹក​សម្រាប់ ប្រជាពលរដ្ឋ​ប្រើប្រាស់​តាម​ផ្ទះ​។

លោកស្រី Daniella Chehade បាន​ចាត់​ទុក​ថា តំបន់​ធម្មជាតិ​អាច​មាន​តម្លៃលើស​ពី​កន្លែង​កម្សាន្ត​ដ៏​ស្រស់​ស្អាត​។ នៅ​ពេល​គ្រប់គ្រង​បាន​ល្អិតល្អន់ តំបន់​ទាំងនោះ​អាច​ជួយ​ទ្រទ្រង់ ភាព​ធន់​នឹង​អាកាសធាតុ ពង្រឹង​ភាព​ធន់​របស់​សហគមន៍ និង​ផ្តល់​ប្រភព​ចំណូល​ប្រកបដោយ​ចីរភាព​។

ផឹក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន បាន​បញ្ជាក់​ទៀត​ថា​÷ «​ត្បូង​ពេជ្រ​លាក់ខ្លួន​» មួយទៀត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ នោះ​គឺ តំបន់​ភ្នំ​ខ្នង​ផ្សារ ដែល​ស្ថិត​នៅ​ចន្លោះ​ជួរ​ភ្នំ មាន​ព្រៃឈើ និង​វាលស្មៅ​ល្អ​ស្រស់​ត្រកាល គ្រប​លើ​ភ្នំ​ខ្នង​ផ្សារ ផ្តល់​ជូន​អ្នកទេសចរ នូវ​បទ​ពិសោធន៍​ប្លែក​ខុស​ពី​កន្លែង​ដ៏​ទៃ​។ ភ្ញៀវ​ទេសចរ​ត្រូវ​ដើរ​ថ្មើរជើង​ឆ្លងកាត់​តំបន់​ធម្មជាតិ ដើម្បី​ទៅ​ដល់​កំពូលភ្នំ ដោយ​បាន​ទស្សនា​ទេសភាព​បាន​យ៉ាង​រីករាយ និង​ធំ​ល្វឹងល្វើយ ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​គ្របដណ្តប់​ដោយ​អ័ព្ទ និង​ពពក​។ តំបន់​ទេសភាព​និង​ភាព​ស្ងប់ស្ងាត់​នៅ​តំបន់​នោះ គឺជា​ផ្នែក​មួយ​នៃ​ភាព​ទាក់ទាញ​ដ៏​ពិសេស​របស់​វា​។ លោកស្រី Daniella Chehade បាន​ចាត់​ទុក​ថា តំបន់​ភ្នំ​ខ្នង​ផ្សារ​ក៏​កំពុង​ក្លាយជា​គំរូ​មួយ​នៃ​របៀប ដែល​ការ​អភិរក្ស​គោលដៅ​លម្ហែ​បៃតង​ដែល​ជួយ​គារ​ពារ​បរិស្ថាន និង​ការ​អភិវឌ្ឍ​សហគមន៍ ដែល​អាច​ដើរ​ទន្ទឹម​គ្នា​។

អ្នក​ទេ​ចរណ៍​ប្រមាណ ៥,០០០ នាក់​បាន​ទៅ​ទស្សនា​នៅ​ទីនោះ​ក្នុង​ឆ្នាំ ២០២៥​។ ប៉ុន្តែ​ក្នុង​រយៈពេល​ត្រឹមតែ ៣ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៦ ភ្ញៀវ​ទេសចរ​ប្រមាណ ២០,០០០ នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខ្នង​ផ្សារ ដែល​ជា​ចំនួន​កើនឡើង ៤ ដង បើ​ប្រៀបធៀប​នឹង​កម្រិត ដែល​បាន​កត់​ត្រាទុក​ពេញ​មួយ​ឆ្នាំ​មុន​។ ការ​កើនឡើង​យ៉ាង​រហ័ស​នេះ កំពុង​បង្កើត​ឱកាស​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្នុ ង​ការ​រក​ប្រាក់​ចំណូល តាម​រយៈ​ការ​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ ការ​ដឹក​ជញ្ជូន ម្ហូបអាហារ កន្លែង​ស្នាក់​នៅ និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ផ្លាស់​ប្តូរ​នេះ​បាន​នាំ​មក​នូវ​សារ​ដ៏​សំខាន់​មួយ ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ ពី​ភាព​ជោគជ័យ​នៃ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ការ​បង្កើន​គម្រប​បៃតង និង​ការ​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​។

ជាក់ស្តែង ការ​វាយតម្លៃ​ពី​ស្ថាប័ន និង​អ្នកជំនាញ​អន្តរជាតិ​ខាងលើ គឺ​កើត​ចេញពី​គ្រឹះ​នយោបាយ​បរិស្ថាន​ដ៏​រឹង​មាំ ដែល​បន្សល់​ទុក​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (​ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​) តាម​រយៈ​ការ​បង្កើត​តំបន់ការពារធម្មជាតិ​គ្របដណ្តប់​រហូត​ដល់​ប្រមាណ ៤១% នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​។

ជាមួយ​គ្នា​នេះ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​អនុវត្ត «​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​» យ៉ាង​ម៉ឺងម៉ាត់ ដោយ​ដាក់​ចេញ​នូវ​យុទ្ធនាការ ដាំ​កូន​ឈើ​ឡើង​វិញ​យ៉ាងតិច ១​លាន​ដើម​ក្នុង​មួយ​ឆ្នាំ និង​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់ការពារព្រៃឈើ​-​សត្វព្រៃ​តឹងរ៉ឹង និង​កិច្ចសហការ​ពី​ភាគី​ពាក់ព័ន្ធ សមត្ថកិច្ច​គ្រប់​ប្រភេទ និង​ប្រជា​សហគមន៍ដើម្បីធានាឱ្យធនធានធម្មជាតិស្ថិតស្ថេរតជំនាន់៕