បុរសម្នាក់ ជួបគ្រោះអកុសល ពេលដើរឆ្លងផ្លូវជាតិលេខ៥
- បាត់ដំបង
ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាក បុកបណ្ដាលឲ្យស្លាប់យ៉ាងរន្ធត់ពេលកំពុងដើរឆ្លងផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៣ តុលា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ហើយរថយន្តបង្កបានបើករត់គេចបាត់ទាំងយប់។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពេក គ្រឹះស្នា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។ ជនរងគ្រោះត្រូវរថយន្តដែលគេមិនស្គាល់ម៉ាក បើកបុកទាំងកំរោល ពេលកំពុងដើរឆ្លងថ្នល់ ដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យដួលបោកក្បាលស្លាប់យ៉ាងរន្ធត់នៅលើដងផ្លូវ។
សមត្ថកិច្ចបានប្រាប់ថា បន្ទាប់ពីបុកមនុស្សស្លាប់ រថយន្តបង្កនោះបានបើករត់គេចបាត់ពីចំណុចកើតហេតុ ហើយពុំមាននរណាម្នាក់បានឃើញពីម៉ាក និងស្លាកលេខរថយន្តនោះទេ។
អធិការស្រុកថ្មគោល លោក សេង លុច បានប្រាប់ថា រថយន្តបង្កហេតុនោះធ្វើដំណើរពីទិសខាងត្បូង ទៅខាងជើង ប៉ុន្តែពុំមាននរណាបានឃើញហេតុការណ៏នេះទេ។ រថយន្តបានបុកជនរងគ្រោះពេលកំពុងដើរឆ្លងផ្លូវ។ ក្រោយទទូលព័ត៏មាននេះ លោកបានបញ្ជាឲ្យមន្ត្រីតាមបណ្ដាប៉ុស្ដិ៍រដ្ឋបាល ចេញស្កាត់តាមឃ្លាំមើលរថយន្តនោះដែរ តែហាក់មិនប្រទះនឹងថយន្តនោះទេ ដែលទំនងរថយន្តនោះបើកគេចចូលផ្លូវក្នុងភូមិ ទើបមិនឃើញបើកតាមផ្លូវជាតិ។ ប៉ុន្តែយ៉ាងណា ពេលនេះមន្ត្រីជំនាញ បាននិងកំពុងតាមពិនិត្យមើលតាមកាមេរ៉ាសុវត្ថិភាពដែលប្រជាពលរដ្ឋបំពាក់តាមដងផ្លូវ ក្រែងមានតម្រុយ៕


ចែករំលែកព័តមាននេះ