រឿងដឹកឈើស្រឡៅធំ១ដើម សង្ស័យអ្នកចាប់ដំបូងស៊ីរួចខ្ជាក់ ទើបមកជាប់អន្ទា.ក់
- សៀមរាប
ខេត្តសៀមរាប ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ឃាត់រថយន្តស្ទូច ១ គ្រឿង ដឹកឈើស្រឡៅ១ដើម មុខធំ ប្រវែងជាង១០ម៉ែត្រ ខណៈបើករថយន្តរលូនរួចពីស្រុកស្វាយលើ សង្ស័យស៊ីមួយតង់ ហើយលែងវិញ ទើបមកជាប់អន្ទាក់ នៅ ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម។
បើតាមប្រភពពីសមត្ថកិច្ចជំនាញ បានប្រាប់ភ្នាក់ងារកោះសន្តិភាពយើង នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ កម្លាំងផែន ការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ចាស់ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម.បានឃាត់រថយន្តស្ទូច១គ្រឿង ដឹកឈើស្រឡៅ១ដើម មុខធំ ប្រវែងជាង១០ម៉ែត្រ យកមកសួរនាំ។
ហេតុការណ៍បង្ក្រាប រថយន្តដឹកឈើនោះធ្វើឡើងនៅវេលាយប់ពាក់កណ្តាលអាធ្រាត្រម៉ោង១២និង៣០នាទី ឈានចូលថ្ងៃទី២ ខែ តុលា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៦ ស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខណ:ដឹកចេញពីភូមិសាស្ត្រស្រុកស្វាយលើ។
ក្រោយឃាត់ចាប់បានរថយន្ត និងវត្ថុតាងបទល្មើស កម្លាំងសមត្ថកិច្ចនគរបាលបានបញ្ជូនឱ្យមន្ត្រីជំនាញ ដើម្បីអនុវត្តទៅតាមនីតិវិធី អនុលោមតាមច្បាប់ស្តីពីព្រៃឈើ។
ប្រភពពីប្រជាពលរដ្ឋថា បានលើកឡើងថា រថយន្តស្ទូច ដែលដឹកឈើដ៏ធំ លៀនចេញក្រៅទ្រុង ហេតុអ្វីក៏ឆ្លងកាត់ភូមិសាស្ត្រស្រុកស្វាយលើបានយ៉ាងរលូនដូច្នេះ តើមន្ត្រីរដ្ឋបាលព្រៃឈើដេកលក់ ឬឃើញហើយ ធ្វើមិនដឹង ប្រហែលជាមានអ្វីបាំងមុខ?
បើតាមប្រភពព័ត៌មានទទួលបានពីស្រុកស្វាយលើ នៅពេលឆ្លងកាត់ភូមិសាស្ត្រស្រុកស្វាយលើ មានមន្ត្រី១ក្រុមបានឃើញរថយន្តដឹកឈើ ហើយទំនងចរចាគ្នាត្រូវរ៉ូវជាមួយម្ចាស់ឈើរួច ទើបមន្ត្រីមួយក្រុមនោះអនុញ្ញាត ក៏ឱ្យបន្តមកកាន់ស្រុកសូទ្រនិគម ក៏ជាប់អន្ទាក់សមត្ថកិច្ចនគរបាលជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឃាត់បានតែម្តង នៅមុខសួនត្រី AQuiras ស្រុកសូទ្រនិគម ក្រោយអ្នកចាប់មុនបានស៊ីរួច ។ បច្ចុប្បន្ន រថយន្តស្ទូចដឹកឈើ ប្រភេទស្រឡៅ ១ដើម មុខធំ ប្រវែងជាង១០ម៉ែត្រ ប្រគល់ឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ យកទៅអនុវត្តតាមផ្លូវច្បាប់ស្តីពីច្បាប់ព្រៃឈើ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕



ចែករំលែកព័តមាននេះ