ប្រុងប្រយ័ត្ន! ពលរដ្ឋរងគ្រោះដោយពស់ចឹ.កជាង៤០នាក់ អំឡុងទឹកជំនន់ ក្នុងខែកញ្ញា នៅខេត្តបន្ទាយមានជ័យ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ អំឡុងទឹកជំនន់នៅខែកញ្ញា ឆ្នាំ២០២៦ ក្នុងខេត្តបន្ទាយមានជ័យ មានករណីប្រជាពលរដ្ឋរងគ្រោះដោយពស់ចឹក មានជាង៤០នាក់ តែគ្មានអ្នករងគ្រោះដល់អាយុជីវិតឡើយ។
លោកវេជ្ជបណ្ឌិត លេ ចាន់សង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ថា មានប្រជាពលរដ្ឋរងគ្រោះដោយពស់ចឹកមានចំនួន៤១នាក់ ក្នុងនោះមានស្រី២នាក់ តែមិនគ្រោះថ្នាក់ដល់អាយុជីវិតឡើយ នៅអំឡុងទឹកជំនន់ប៉ះពាល់ស្ទើរទូទាំងខេត្តបន្ទាយមានជ័យ នៅក្នុងខែកញ្ញា ឆ្នាំ២០២៦។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា សត្វពស់ចឹកដែលចឹកប្រជាពលរដ្ឋ មានដូចជាប្រភេទ ពស់ស្រកាចាស់ ពស់ពព្លាក់ ពស់ខៀវ និងពស់ប្រភេទផ្សេងៗទៀត ដែលមានពិស ធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធឈាម មានអ្នកជំងឺខ្លះដែលរងគ្រោះដោយពស់ប្រភេទពិសខ្លាំង ត្រូវបានលាងឈាមទើបសង្គ្រោះបាន។
លោកវេជ្ជបណ្ឌិត លេ ចាន់សង្វាត បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយពស់ចឹកនៅអំឡុងខែកញ្ញា ឆ្នាំ២០២៦ ដែលមានចំនួន៤១នាក់ ការព្យាបាលអ្នកជំងឺបានប្រើប្រាស់ថ្នាំប្រឆាំងពិសពស់(Anti-Snake Venom)អស់សរុបចំនួន១៥៥ដប។
រួមមាន ១-ថ្នាំប្រឆាំងពិសពស់ប្រភេទ(Hemato Polyvalent)ចំនួន១១៨ដប ប្រើសម្រាប់ព្យាបាលអ្នកជំងឺដែលត្រូវពស់មានពិសប្រភេទប៉ះពាល់ដល់ប្រព័ន្ធឈាមដូចជា ពស់ពព្លាក់ ពស់ពស់ខៀវ ពស់ស្រកាចាស់ និងពស់ប្រភេទផ្សេងៗទៀតដែលមានពិសប៉ះពាល់ដល់ប្រព័ន្ធឈាម។
២-ថ្នាំប្រឆាំងពិសពស់ប្រភេទ(Neuro Polyvalent)ចំនួន៣៧ដប ប្រើសម្រាប់ព្យាបាលអ្នកជំងឺដែលត្រូវពស់មានពិសប៉ះពាល់ដល់ប្រព័ន្ធប្រសាទដូចជា ពស់វែកគ្រប់ប្រភេទ ពស់ក្រាយ និងពស់ប្រភេទផ្សេងៗទៀត៕







ចែករំលែកព័តមាននេះ