ខេត្តកំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ៣នាក់ ទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ក្រោយពីកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យពាក់ព័ន្ធជាមួយករណីកាន់កាំបិតផ្គាក់ក៏ឃាត់សួរនាំធ្លាយរឿងលួចខ្សែភ្លើងពីក្រុមហ៊ុនទុកចោលមួយកន្លែង នៅក្នុងស្រុកភ្នំស្រួច ។

ការបញ្ជូនខ្លួនជនសង្ស័យចំនួន ៣នាក់ ទៅសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា ជនសង្ស័យដែលត្រូវបញ្ជូនខ្លួនមានឈ្មោះ ទី១- សុន ប៊ុននឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី២- ឈ្មោះ ណន ណាវី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣- ឈ្មោះ ពៅ កក្កដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង៣នាក់ មានទីលំនៅបច្ចុប្បន្នក្នុងភូមិទួលធ្នង់ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

គួរំលឹកផងដែរថា កាលពីវេលាម៉ោង១១និង២៤នាទីរំលងអធ្រាត្រ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការចេញល្បាតចល័តតាមមូលដ្ឋាន និងតំបន់ងាយរងគ្រោះ លុះដល់ត្រង់ផ្លូវបេតុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងចេញពីរោងចក្រមួយកន្លែង ក្នុងស្រុកភ្នំស្រួច ។

ក្រោមវិធានជំនាញរបស់កម្លាំងអាវុធហត្ថ ក្រោយពេលសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រទុកចោលមិនដំណើរមួយកន្លែងមែនដែលមានទីតាំងស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យកម្លាំងជំនាញ ដកហូតវត្ថុតាងរួមមាន(កាំបិតផ្គាក់ចំនួន១,កន្ត្រៃកាត់ខ្សែភ្លើងចំនួន១,ទូរស័ព្ទដៃ២គ្រឿង, ម៉ូតូ១គ្រឿង និងលួសស្ពាន់មួយចំនួនថែមទៀតផង ។
បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយនឹងវត្ថុតាង កម្លាំងកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ