ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថ្លែង​ថា​លោក​អាច​នឹង​ស្នើ​សុំ​ឱ្យ​ពួក​អឺរ៉ុប​បញ្ចេញ​ប្រេង​ម៉ាស៊ូត​ពី​ក្នុង​ឃ្លាំង​ដើម្បី​ទប់​ទល់​នឹង​ការ​ឡើង​ថ្លៃ

6 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​ថ្លែង​ថា​អាមេរិក​អាច​នឹង​ស្នើ​សុំ​ឱ្យ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​បញ្ចេញ​ពី​ស្តុក​របស់​ខ្លួន​នូវ​ប្រេង​ម៉ាស៊ូតដើម្បី​ប្រើ​ប្រាស់​នៅ​ក្នុង​គ្រា​អាសន្ន​។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​ទី​ក្រុង​វ៉ាស៊ីន​តោន​ព្យាយាម​ទប់​ទល់​នឹង​ការ​ឡើង​ថ្លៃ​នៃ​ប្រេង​ម៉ាស៊ូត​ឥត​ឈប់​ឈរ​ដោយ​សារ​ការ​ទទួល​រង​ឥទ្ធិ​ពល​អាក្រក់​ពី​សង្គ្រាម​អ៊ីរ៉ង់​។ ​លោក​ត្រាំ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​រដ្ឋា​ភិបាល​របស់​លោក​អាច​នឹង​ស្នើ​សុំ​​ឱ្យ​​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​​បញ្ចេញ​ប្រេង​ម៉ាស៊ូត​ពី​ឃ្លាំង​។ លោក​ថ្លែង​ដូច្នេះ​ត្រឹម​​តែ​បន្តិច​ប៉ុណ្ណោះ​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​​ លោក​ស្កុត​បឺសឹន (Scott Bessent) ​ជំរុញ​ឱ្យ​ពួក​អឺរ៉ុប​ប្រញាប់​បញ្ចេញ​ប្រេង​ពី​ស្តុក​ភ្លាម​ទៅ​។

លោក​បឺសឹន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ក្រុម​ប្រទេស​ជា​ដៃ​គូ​របស់​យើង​នៅ​អឺរ៉ុប​​គួរ​តែ​ប្រញាប់​បង្ហាញ​ការ​ប្ដេជ្ញា​របស់​ពួក​គេ​នៅ​ក្នុង​ពេល​នេះ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​ផ្គត់​ផ្គង់​ជា​បន្ទាន់​​ (នូវ​ប្រេង​ម៉ាស៊ូត) ដើម្បី​ដោះ​ស្រាយ​បញ្ហា​រាំង​ស្ទះ​។ កាល​ពី​មុន​នេះ​បន្តិច​ អ្នក​តំណាង​ក្រសួង​ពាណិជ្ជ​កម្ម​អាមេរិក​ លោក​ជេ​មីសុន​ គ្រី​អឺ (Jamieson Greer) បង្ហាញ​ការ​ជឿជាក់​ថា​ប្រទេស​បារាំង​ អាល្លឺម៉ង់ និង​អ៊ីតាលី​នឹង​សហ​ការ​ជា​មួយ​អាមេរិក​ក្នុង​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​ទី​ផ្សារ​ពិភព​លោក​មាន​ប្រេង​ម៉ាស៊ូត​លក់​កាន់​តែ​ច្រើន​។

បណ្ដា​រដ្ឋ​ធានី​នៅ​អឺរ៉ុប​បាន​ចាត់​វិធាន​ការដូច​ៗ​គ្នា​ពាក់​ព័ន្ធ​នឹង​ប្រេង​ម៉ាស៊ូត​ ខណៈ​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​ថាម​ពល​អាមេរិក​ លោក​គ្រី​​ស​រ៉ាយ (Chris Wright) ថ្លែង​ថា​លោក​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​ពួក​អឺរ៉ុប​នឹង​បញ្ចេញ​ប្រេង​ពី​ក្នុង​ស្តុក​ដើម្បី​​​ជួយ​បញ្ចៀស​ការ​ឡើង​ថ្លៃ​នៃ​ថាម​ពល​នៅ​លើ​ទី​ផ្សារ​សាកល​លោក​​។ ​ប្រេង​ម៉ាស៊ូត​នៅ​អាមេរិក​ឡើង​ថ្លៃ​ខ្ពស់​មិន​ធ្លាប់​មាន​។ កាល​ពី​មួយ​សប្ដាហ៍​មុន ប្រេង​មួយ​ហ្កា​ឡុង​ដែល​មាន​ចំណុះ៣,៧៨៥​លីត្រ​លក់​ចេញ​ថ្លៃ​៦,៥៣​ដុល្លារ​។ របាយ​ការណ៍​ដែល​ផ្សព្វ​ផ្សាយ​ដោយ​គណៈ​កម្ម​ការ​អឺរ៉ុប​បង្ហាញ​ថា​ប្រេង​ឡើង​ថ្លៃ​ខ្ពស់​បំផុត​នៅ​ក្នុង​​រដ្ឋ​ចំនួន​១២​នៃ​​សហ​ភាព​អឺរ៉ុប​ ក្នុង​នោះក៏​មាន​​​អ៊ី​តា​លី បែល​ហ្សិច​ រ៉ូម៉ានី និង​ប៉ូឡូញ​ផង​ដែរ​។

ករណី​ប្រេង​ម៉ាស៊ូត​ឡើង​ថ្លៃ​ខ្លាំង​ឡើង​ៗ​នៅ​អាមេរិក​នាំ​​ឱ្យ​រដ្ឋ​បាល​របស់​លោក​ត្រាំ​ និង​ក្រុមអ្នក​តំណាង​រាស្ត្រ​នៅ​ក្នុង​បក្ស​សា​ធារណ​រដ្ឋ​​ពិគ្រោះ​គ្នា​ថា​ត្រូវ​តែ​បិទ​ការ​នាំ​ចេញ​ប្រេង​ម៉ាស៊ូត​ជា​បណ្ដោះ​អាសន្ន​មុន​ការ​បោះ​ឆ្នោត​សភា​នា​ខែ​វិច្ឆិកា​។ ប្រទេស​បារាំង និង​អាល្លឺម៉ង់​មាន​ប្រេង​ម៉ាស៊ូត​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​លើស​ពី​៣៣%​នៃ​ប្រេង​បម្រុង​សរុប​របស់​សហ​ភាព​អឺរ៉ុប​។ ប្រធាន​ពាណិជ្ជ​កម្ម​របស់​ EU ថ្លែង​ថា​វា​ជា​រឿង​ខុស​ពី​ការ​រំពឹង​ទុក​ ប្រសិន​បើ​អាមេរិក​បិទ​ខ្ទប់​ការ​នាំ​ចេញ​ប្រេង​ម៉ាស៊ូត​។ ប៉ុន្តែ​បើ​​អាមេរិក​ធ្វើ​ដូច្នេះ​មែន វា​នឹង​ធ្វើ​ឱ្យ​​​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​របស់​អឺរ៉ុប​៕ ប្រភព៖ Al Jazeera​