ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​ភាព​ពី​ផ្កាយ​រណប​បង្ហាញ​ថា​ចិន​កំពុង​សាង​សង់​ផ្លូវ​ហោះ​ហើរ​នៅ​លើ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​Antelope, អាច​រួច​រាល់​នៅ​ឆ្នាំ​២០២៧

6 ថ្ងៃ មុន

ទី​ក្រុង​ប៉េកាំង៖ គម្រោង​របស់​ប្រទេស​ចិន​ក្នុង​ការ​​សាង​សង់​ផ្លូវ​យន្ត​ហោះ​នៅ​លើ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​អេន​ធី​ឡូប (Antelope Reef) នៃ​ប្រជុំ​កោះ​បារ៉ាសែល​ (Paracels) កំពុង​ដំណើរ​ការ​ដោយ​រលូន​ រំពឹង​ថា​នឹង​ចប់​សព្វ​គ្រប់​ត្រឹម​ពាក់​កណ្ដាលឆ្នាំ​២០២៧​​ ហើយ​នឹង​ជួយ​ពង្រឹង​កម្លាំង​យោធា​របស់​ចិន​​នៅ​​ក្នុង​តំបន់​មាន​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​។ តាម​រយៈ​រូប​ភាព​ពី​ផ្កាយ​រណប​ គេ​ឃើញ​ថា​ក្រុម​ការ​ងារ​ផ្នែក​សាង​សង់​កំពុង​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ ​ព្រម​ទាំង​ឃើញ​គំនរ​ក្រួស ​​បេតុង​អាម៉េ​ ​និង​ដង​ស្ទូច​។

ក្រុម​អ្នក​វិភាគ​​យល់​ថា​ទី​នេះ​អាច​ជា​មូល​ដ្ឋាន​យោធា​ដ៏​សំខាន់​បំផុត​របស់​ចិន​នៅ​​ក្នុង​តំបន់​។ ​រូប​ភាព​ដែល​ថត​បាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នោះ​ក៏​បង្ហាញ​កប៉ាល់​ដឹក​​ក្រួស​យ៉ាង​ពេញ​ប៊ឹប​បើក​សំដៅ​ទៅ​រក​​មាត់ផែ​ដែល​ទើប​តែ​សាង​សង់​ថ្មី​។ នៅ​ពេល​ដែល​មូល​ដ្ឋាន​យោធា​របស់​ចិន​នៅ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​អេន​ធីឡូប​សាង​សង់​រួច​រាល់​ វា​នឹងក្លាយ​ជា​ទី​តាំង​សំខាន់​សម្រាប់​យោធា​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​សម្រាប់​មួយ​ទស​វត្ស​រ៍​ចុង​ក្រោយ​។ ពោល​គឺ​ពង្រីក​ទី​តាំង​បោះ​ជំហាន​របស់​កប៉ាល់​ចម្បាំង​ និង​យន្ត​ហោះ​ចម្បាំង​នៅ​លើ​ដែន​សមុទ្រ​ដែលអាច​នឹង​ក្លាយ​ជា​ទីលាន​ប្រយុទ្ធ​ដ៏​បង្ហូរ​ឈាម​នា​ពេល​អនា​គត​រវាង​ចិន និង​អាមេរិក​ និងសម្ព័ន្ធ​មិត្ត​អាមេរិក​ជុំ​វិញ​បញ្ហា​តៃ​វ៉ាន់​។

អ្នក​វិភាគ​ម្នាក់​ឈ្មោះ​បឹន ឡេវីស (Ben Lewis) យល់​ថា​ផ្លូវ​ហោះ​ហើរ​នៅ​លើ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​នេះ​អាច​នឹង​សង់​រួច​រាល់​យ៉ាង​យូរ​ត្រឹម​​ពាក់​កណ្ដាល​ទី​១​នៃ​ឆ្នាំ​២០២៧ ហើយ​បន្ទាប់​មក​ ការ​ចុះ​ចត​នៅ​លើ​ផ្លូវ​នោះ​ជា​លើក​ដំបូង​អាច​​នឹងចាប់​ផ្ដើម​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២៧​ ឬ​អាច​មុន​នេះ​ផង​ក៏​ថា​បាន​។ ផ្លូវ​នេះ​មាន​ប្រវែង​៣គីឡូ​ម៉ែត្រ​​សង់​នៅ​លើ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​ដែល​ប្រទាញ​ប្រទង់​គ្នា​រវាង​ចិន និង​ប្រទេស​ដទៃ​ទៀត​នៃ​ប្រជុំ​កោះ​ស្ព្រែត​លី (Spratly)។

លោក​មិន​ទាន់​ទទួល​បាន​សញ្ញា​ថា​ទី​នោះ​មាន​ការ​ជីកគាស់​កាយ​ដី​សម្រាប់​ទុក​ដាក់​គ្រាប់​រំសេវ និង​ប្រេង​​ឥន្ធនៈ​នៅ​ឡើយ​ទេ​។ ប្រទេស​ចិន​មិន​ទាន់​ទទួ​លស្គាល់​ថា​មាន​ការ​សាង​សង់​មូល​ដ្ឋាន​សឹក​ថ្មី​ទេ​ ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ​រាយ​ការណ៍​ថា​មូល​ដ្ឋាន​នៅ​លើ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​អេន​ធីឡូប​នោះ​ប្រើ​ប្រាស់​សម្រាប់​តម្រូវ​ការ​ស៊ីវិល​តែ​ប៉ុណ្ណោះ​ដូច​ជា​សម្រាប់​ព្យាករ​អាកាស​ធាតុ និង​ការ​ស្រាវ​ជ្រាវ​ដែន​សមុទ្រ​ជា​ដើម​៕ ប្រភព៖ Reuters