ឪពុកឌុបកូនប្រុស០២នាក់កាត់ទឹកជំនន់រលត់ម៉ូតូដើរអូស ស្រាប់ទឹកហូរកួចយកកូនទាំង០២នាក់ទៅបាត់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ពិតជាគួរឲ្យអាសូរ និងខ្លោចចិត្តអាណិតពន់ពេកណាស់ ខណៈដែលឪពុកកំពុងដើរអូសម៉ូតូឆ្លងកាត់ទឹកជំនន់ដែលលាតសន្ធឹងល្វឹងល្វឺយ រីឯកូនប្រុសតូចៗ០២ដើរតាមក្រោយ លុះងាកក្រោយមើលកូនសម្លាញ់ទាំង០២ក៏បាត់ខ្លួនភ្លាមរំពេច ដែលត្រូវកម្លាំងទឹកហូរកួចយកទៅបាត់ដោយគ្មានថ្ងៃត្រឡប់វិញឡើយ ។

បើគិតត្រឹមម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០២ តុលា នេះ ជាង៥ម៉ោងហើយ ទាំងកម្លាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ ដែលបានប្រឹងប្រែងជួយររុករកនៅតែពុំមានដំណឹងនៅឡើយទេ ។
អធិការស្រុកថ្មគោល លោក សេង លុច បានប្រាប់កោះសន្តិភាពថា បើតាមដែលលោកទទួលបានដំណឹងបឋម ហេតុការណ៍ដ៏រន្ធត់នោះ បានកើតឡើងនៅវេលាម៉ោងប្រហែល១១ថ្ងៃត្រង់ថ្ងៃទី០២ តុលា ចំណុចវាលស្រែមួយកន្លែង ក្នុងភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ។ មន្ត្រីមូលរដ្ឋានមិនទាន់ផ្ដល់របាយការណ៍ជាក់លាក់នៅឡើយទេ ព្រោះពេលនេះ ម៉ោងនេះ កម្លាំងសមត្ថកិច្ច ជាមួយអ្នកភូមិ បាននិងកំពុងបែងចែកកម្លាំងតាមស្វែងរកក្មេងប្រុសរងគ្រោះទាំង០២នាក់បងប្អូននោះនៅកណ្ដាលវាលស្រែ ដែលពោរពេញទៅដោយទឹកជំនន់ដ៏ធំល្វឹងល្វើយ ។

នៅកន្លែងកើតហេតុ អ្នកភូមិដែលកំពុងជួយស្វែងរកកុមារា០២នាក់បងប្អូននោះ បាននិយាយថា ក្មេងប្រុស០២នាក់ដែលត្រូវទឹកហូរកួចបាត់ខ្លួននោះ ជាបងប្អូនបង្កើត ម្នាក់អាយុ០៥ឆ្នាំ និងម្នាក់ទៀតអាយុ១២ឆ្នាំ ។ កុមាររងគ្រោះបានជិះម៉ូតូជាមួយឪពុក ឆ្លងកាត់កំណាត់ផ្លូវដែលទឹកជំនន់បានជន់លិចល្ហល្ហាច ។
អ្នកភូមិនិយាយទៀតថា ពេលកំពុងជិះឌុបកូនប្រុសឆ្លងកាត់ទឹក ស្រាប់តែម៉ូតូរលត់ម៉ាស៊ីន។ ពេលនោះ គាត់ក៏ឲ្យកូនទាំង០២នាក់ចុះដើរតាមក្រោយ ហើយឪពុកដើរអូសម៉ូតូខាងមុខឆ្លងកាត់ទឹកជំនន់ ហើយគ្រានោះ ក៏ត្រូវទឹកហូរកួចយកកូនប្រុសគាត់ទាំង០២នាក់ បាត់ខ្លួនភ្លាមៗតែម្ដង ។ លោក សេង លុច អធិការស្រុកថ្មគោល ក៏បានបញ្ជាក់ផងដែរត្រង់ចំណុចនេះ ។

លោកអធិការបានបញ្ជាក់ថា ពេលដែលឪពុកកំពុងដើរអូសម៉ូតូនៅខាងមុខ កូនប្រុសគាត់ទាំង០២នាក់ដើរតាមពីក្រោយ ។ ប៉ុន្តែពេលគាត់ងាកមករកកូន ក៏បាត់កូនប្រុសទាំង០២នាក់ ឃើញតែផ្ទៃទឹកល្ហល្ហាចហូរកាត់ផ្លូវដែលមើល តែពុំឃើញកូន ទើបគាត់ទុកម៉ូតូចោលកណ្ដាលទឹក ក៏ស្ទុះហែលទឹករាវរកកូន តែរកមិនឃើញឡើយ ។
មនុស្សជាច្រើនបានបង្ហាញក្តីរន្ធត់ និងតក់ស្លុតក្រៃលែង នៅពេលទទួលដំណឹងដ៏អកុសលនេះពីឪពុកកុមាររងគ្រោះ និងនៅពេលបានឃើញពីសកម្មភាពឪពុកស្រវេស្រវា ចុះរាវរាកកូនប្រុសជាទីស្រលាញ់នៅក្នុងទឹក ។ នៅកន្លែងកើតហេតុ ដែលមើលទៅឃើញតែផ្ទៃទឹកធំល្វឹងល្វើយនៅកណ្ដាលវាលស្រែ គេឃើញកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋបានបែងចែកជាច្រើនក្រុមចុះតាមគោលដៅ ដើម្បីតាមរុករកកុមាររងគ្រោះ០២នាក់បងប្អូននោះ។ ប៉ុន្តែរយៈពេលជាង៥ម៉ោងទៅហើយ នៅតែគ្មានតម្រុយទៀត ។

បើតាមលោក សេង លុច បានបញ្ជាក់ថា ទាំងកម្លាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ កំពុងស្ថិតនៅតាមគោលដៅនៅឡើយ ក្នុងកិច្ចប្រតិបត្តិការតាមរកសពកុមារាទាំង០២នាក់បងប្អូននោះ ៕




ចែករំលែកព័តមាននេះ