ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​នឹង​មិន​ផ្គត់ផ្គង់​ប្រេងម៉ាស៊ូត​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ឡើយ រហូត​ទាល់តែ​ទណ្ឌកម្ម​ត្រូវ​បាន​ដក​ចេញ

6 ថ្ងៃ មុន

ទីក្រុង​មូ​ស្គូ ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ដឺ​មៀ ពូ​ទី​ន (Vladimir Putin) កាលពី​ថ្ងៃ​ទី​១ ខែតុលា បាន​ប្រកាស​ថា ប្រទេស​រុ​ស្ស៊ី​នឹង​មិន​ផ្គត់ផ្គង់​ប្រេងម៉ាស៊ូត​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ឡើយ លុះត្រាតែ​ទណ្ឌកម្ម​ប្រឆាំង​នឹង​ខ្លួន​ត្រូវ​បាន​ដក​ចេញ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ។

ថ្លែង​នៅ​ក្នុង​វេទិកា Valdai នៃ​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ស្តី​ពី​កិច្ចការ​រុ​ស្ស៊ី នៅ​ទីក្រុង​មូ​ស្គូ លោក ពូ​ទី​ន បាន​ទទួលស្គាល់​ថា ប្រទេស​អ៊ុយ​ក្រែ​ន​បាន​សម្រេច​គោលដៅ​របស់​ខ្លួន​មួយ​ផ្នែក តាម​រយៈ​ការ​វាយប្រហារ​លើ​រោងចក្រ​ចម្រាញ់​ប្រេង​រុ​ស្ស៊ី ដែល​បាន​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ខាតបង់​ថវិកា​អស់ ១% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ខ្លួន​។ ប៉ុន្តែ​ជាមួយ​គ្នា​នោះ​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា នៅ​ពេល​នេះ​រុ​ស្ស៊ី កំពុង​តែ​ឆ្លើយ​តប​ទៅ​វិញ​តាម​របៀប​ដូច​គ្នា​នោះ​ដែរ​។

គួរ​រំលឹក​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ខែ​មុន បាន​ប្រកាស​ថា ការ​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​លើ​បណ្តា​ទីតាំង​ចក្រ​ចម្រាញ់​ប្រេង​រុ​ស្ស៊ី បាន​បង្ក​ឱ្យ​មានការ​ខ្វះខាត​ប្រេងម៉ាស៊ូត​ជាស​កល និង​ជំរុញ​ឱ្យ​តម្លៃ​ឡើងថ្លៃ ហើយ​លោក​បាន​ជំរុញ​ឱ្យ​ទីក្រុង​គៀវ​បញ្ឈប់​ការ​វាយប្រហារ​ទាំងនោះ​។

លោក ពូ​ទី​ន បាន​គូសបញ្ជាក់​ថា រុ​ស្ស៊ី​មាន​ប្រេងម៉ាស៊ូត​គ្រប់គ្រាន់ ប៉ុន្តែ​វា​នឹង​មិន​អាច​នាំ​ចេញ​ទៅ​ដល់ទី​ផ្សារ​ពិភពលោក​បាន​ទេ ដោយសារ​តែ​ការ​ហាមឃាត់ និង​ទណ្ឌកម្ម​នានា ដែល​មាន​ស្រាប់​ប្រឆាំង​នឹង​ប្រេង ក៏​ដូច​ជា​ផលិតផល​ប្រេង​របស់​រុ​ស្សី​។ តួយ៉ាង នៅ​ក្នុង​ស​ប្តា​ហ៍​នេះ រុ​ស្ស៊ី​បាន​បន្ត​ពន្យារ​ការ​ហាមឃាត់​ការ​នាំ​ចេញ​ប្រេងម៉ាស៊ូត​សម្រាប់​ក្រុមហ៊ុន​ផលិត​ប្រេងឥន្ធនៈ​រហូត​ដល់​ចុងខែ​តុលា​។ ការណ៍​នេះ បាន​បន្ថែម​សម្ពាធ​កាន់តែ​ខ្លាំង​ដល់ទី​ផ្សារ​ថាមពល​សកល ដែល​កំពុង​តែ​រង្គោះរង្គើ​ស្រាប់​ដោយសារ​សង្គ្រាម និង​ការ​ខ្វះខាត​ការ​ផ្គត់ផ្គង់​៕