ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេអ៊ូល​ព្រ.មា.ន​ប្រើ​ធម៌​ក្ដៅ​បន្ទាប់​ពី​អ៊ុយ​ក្រែន​ទម្លាយ​អាថ៌​កំ​បាំ​ង​​ពាក់​ព័ន្ធ​នឹង​​ឈ្លើ.យ​សឹ.ក​កូរ៉េ​ខាង​ជើង

6 ថ្ងៃ មុន

ទី​ក្រុង​សេអ៊ូល៖ ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​លី​ជេ​ម្យុង​ ព្រមាន​ចាត់​វិធាន​ការ​ក្ដៅ​ ប្រសិន​បើ​អ៊ុយ​ក្រែន​មិន​ព្រម​ទទួល​ស្គាល់​ថា​ប្រទេស​ទាំង​២​ពិត​ជា​បាន​សន្យា​គ្នា​ថា​នឹង​រក្សា​ទុក​ជា​ការណ៍​សម្ងាត់​នូវ​ការ​បញ្ជូន​ឈ្លើយ​សឹក​កូរ៉េ​ខាង​ជើង​២​នាក់​ទៅ​ឱ្យ​រដ្ឋាភិបាល​ទី​ក្រុង​សេអ៊ូល​ និង​​ប្រសិន​បើ​អ៊ុយ​ក្រែន​មិន​ព្រម​សូម​អភ័យ​ទោស​ជា​ផ្លូវ​ការ​នោះ​​ទេ​។ លោក​លី​បង្ហោះ​សារ​នៅ​​លើ​បណ្ដាញ​អ៊ិច​ថា​ «​ប្រសិន​បើ​ (អ៊ុយ​ក្រែន) នៅ​តែ​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​ និង​មិន​ព្រម​សូមទោស​ទេ​ យើង​នឹង​ចាត់​វិធាន​ការ​បន្ថែម​ទៀត​ជា​មិន​ខាន​ឡើយ​»។ លោក​​លី​សម្ដែង​ការ​សោក​ស្ដាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ទេ​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា​ពាក្យ​សម្ដី​របស់​អ៊ុយ​ក្រែន​អាច​ជំរុញ​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ផ្នែក​យោធា​រវាង​បង​ប្អូន​គូ​សត្រូវ​កូរ៉េ​ទាំង​២​។ លោក​ចាត់​ទុក​ថា​ការ​ទម្លាយ​អាថ៌​កំបាំង​នោះ​មាន​ន័យ​ស្មើ​នឹង​ការ​ដុត​បញ្ឆេះ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​។

កូរ៉េ​ខាង​ត្បូង និង​អ៊ុយ​ក្រែន​មាន​ជម្លោះ​ការ​ទូត​ជា​មួយ​គ្នា​ចាប់​តាំង​ពី​លោ​ក​ហ្សេ​ឡិន​ស្គី​ប្រកាស​នៅ​ចំពោះ​មុខ​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ​​កាល​ពី​ខែ​កញ្ញា​ថា​អ៊ុយ​ក្រែន​បាន​បញ្ជូន​ឈ្លើយ​សឹក​ជន​ជាតិ​កូរ៉េ​ខាង​ជើង​២​នាក់​ទៅ​ឱ្យ​កូរ៉េ​ខាង​ត្បូង​។ អ្នក​ទាំង​២​ត្រូវ​អ៊ុយ​ក្រែន​ចាប់​បាន​នៅ​ពេល​ពួក​គេ​ទៅ​ជួយ​កង​ទ័ព​រុស្ស៊ី​ដើម្បី​វាយ​ប្រហារ​អ៊ុយ​ក្រែន​។ ​ក្រោយ​មក​ រដ្ឋាភិបាល​ទី​ក្រុង​សេ​អ៊ូល​ចោទ​ប្រកាន់​ថា​ទី​ក្រុង​កៀវ​រំលោភ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ការ​រក្សា​ទុក​រឿង​នេះ​ជា​ការណ៍​សម្ងាត់​ដើម្បី​ទី​មួយ​ការ​ពារ​ឈ្លើយ​សឹក​ទាំង​២​នាក់​នោះ​ផង និង​ទី​ពីរ​ការ​ពារ​សុវត្ថិ​ភាព​របស់​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​២​នៅ​កូរ៉េ​ខាង​ជើង​ផង​។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ ​មន្ត្រី​រដ្ឋា​ភិ​បាល​អ៊ុយ​ក្រែន​អះ​អាង​ថា​គ្មាន​ការ​ព្រម​ព្រៀង​គ្នា​ក្នុង​ការ​រក្សា​ការណ៍​សម្ងាត់​ទេ​។ រឿង​នេះ​និយាយ​គ្នា​ស្ងាត់​ៗ​ត្រឹម​កម្រិត​អ្នក​ការ​ទូត​តែ​ប៉ុណ្ណោះ​។ ពោល​គឺ​មិន​បាន​ព្រម​ព្រៀង​គ្នា​កម្រិត​ប្រធានាធិប​តី​ទាល់​តែ​សោះ​។

អ៊ុយ​ក្រែន​កំពុង​ព្យាយាម​ជួស​ជុល​ភាព​ប្រេះ​ឆា​ផ្នែក​​​ការ​ទូត​នេះ​ឡើង​វិញ​​​។ សារ​ព័ត៌​មាន​​អ៊ុយ​ក្រែន​បាន​ដក​ស្រង់​ពាក្យ​សម្ដី​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន លោក​អាន​ឌ្រី​ ស៊ីប៊ីហា​ (Andrii Sybiha) មក​ផ្សាយ​ថា​រដ្ឋាភិបាល​របស់​លោក​កំពុង​ព្យាយាម​ផ្សះ​ផ្សា​ជម្លោះ​ការ​ទូត​នេះ​។ លោក​ថ្លែង​ថា​លោក​សូម​មិន​ចាត់​ទុក​ថា​នេះ​ជា​ឧបទ្ទ​វ​ហេតុ​​នោះ​ទេ​។ អាច​និយាយ​ឱ្យ​ស្រួល​ស្ដាប់​ជាង​នេះ​ថា​ជា​ការ​មិន​យល់​គ្នា​​ផ្នែក​ការ​ទូត​។ មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា​ប្រមុខ​ការ​ទូត​នៃ​ប្រទេស​ទាំង​២​បន្ត​ពិភាក្សា​គ្នា​ថា​ត្រូវ​រក​វិធី​បែប​ណា​ដើម្បី​ដោះ​ស្រាយ​កង្វល់​របស់​ទី​ក្រុង​សេអ៊ូល​។ ក្នុង​នោះ​អាច​មាន​ការ​សូម​ទោស​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​កូរ៉េ​ខាង​ត្បូង​។

រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង លោក​ឆូ​យុន (Cho Hyun) និង​លោក​ស៊ីប៊ីហា​បន្ត​ទំនាក់​ទំនង​គ្នា​ដោយ​ផ្ទាល់​ និង​ពិភាក្សា​គ្នា​​​ថា​តើ​កូរ៉េ​ខាង​ត្បូង​ចង់​ឱ្យ​អ៊ុយ​ក្រែន​ធ្វើ​បែប​ណា​? និង​តើ​ការ​ទាម​ទារ​កម្រិត​ណា​ដែល​អ៊ុយ​ក្រែន​អាច​ទទួល​យក​បាន​? ទន្ទឹម​នឹង​នោះ គេ​ក៏​ត្រូវ​គិត​ថា​អ៊ុយ​ក្រែន​ក៏​គ្នា​កំពុង​តែ​ពិបាក​ដែរ​ព្រោះ​ត្រូវ​រែក​ពន្ធ​នៅ​ក្នុង​សង្គ្រាម​។ ប៉ុន្តែ​ចំណុច​សំខាន់​ត្រូវ​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​ភាគី​ណា​មួយ​បាក់​មុខ​បាក់​មាត់​នោះ​ទេ​។ រឿង​អ្វី​ដែល​កូរ៉េ​ខាង​ត្បូង​មិន​អាក់​អន់​ស្រពន់​​​ចិត្ត​បើ​រដ្ឋាភិបាល​របស់​លោក​លីជេ​ម្យុង​កំពុង​ខិត​ខំ​កែ​លម្អ​ទំនាក់​ទំនង​ជា​មួយ​រដ្ឋាភិបាល​ទី​ក្រុង​ព្យុង​យ៉ាង​។ ម៉្យាង ​ទើប​តែ​ឡើង​កម្ដៅ​ជា​ថ្មី​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​ផ្ទុះ​គ្រាប់​មីន​នៅ​តំបន់​គ្មាន​កង​ទ័ព​ដែល​ខណ្ឌ​ចែក​ប្រទេស​កូរ៉េ​ទាំង​២​។

អ្នក​វិភាគ​នៅ​ «វិទ្យា​ស្ថាន​កូរ៉េ​ដើម្បី​ការ​បង្រួប​បង្រួម​ជាតិ» លោក​ឆូ​ហាន​ប៊ុម (Cho Han-bum) យល់​ថា​វិធាន​ការ​របស់​កូរ៉េ​ខាង​ត្បូង​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ជួយ​ជ្រោម​ជ្រែង​របស់​ខ្លួន​ចំពោះ​អ៊ុយ​ក្រែន​ទាំង​នៅ​ក្នុង​វិស័យ​មនុស្ស​ធម៌ ហិរញ្ញ​វត្ថុ​ និង​ការ​កសាង​ជាតិ​ឡើង​វិញ​។ លោក​យល់​ថា​នៅ​ក្នុង​ជម្លោះ​ការ​ទូត​នេះ អ្នក​ដែល​ខាត​គឺ​អ៊ុយ​ក្រែន​។ កូរ៉េ​ខាង​ត្បូង​ធ្លាប់​ផ្ដល់​ជំនួយ​ជា​ហូរ​ហែ​ទៅ​អ៊ុយ​ក្រែន ហើយ​សន្យា​ផ្ដល់​ជំនួយ​គិត​ជា​ទឹក​ប្រាក់​មួយ​រយ​លាន​ដុល្លារ​នា​ពេល​ខាង​មុខ​ជា​ប្រភេទ​ជំនួយ​មិន​មែន​អាវុធ​។ អ្នក​វិភាគ​រូប​នេះ​យល់​​ថា​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ​ គ្មាន​ភាគី​ណា​មួយ​ទទួល​បាន​​​ផល​ចំណេញ​​ឡើយ​​។ កូរ៉េ​ខាង​ត្បូង​ក៏​ត្រូវ​ការ​ព័ត៌​មាន​សម្ងាត់​ពី​អ៊ុយ​ក្រែន​ផង​ដែរ​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​យោធា​របស់​កូរ៉េ​ខាង​ជើង​៕​​​ ប្រភព៖ Channel News Asia