មហាគ្រួសារកោះសន្តិភាព រៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្ត មុនីប្រសិទ្ធីវង្ស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មហាគ្រួសារកោះសន្តិភាព ដឹកនាំដោយឧកញ៉ា ថុង អ៊ុយប៉ាង ស្ថាបនិក កោះសន្តិភាព និងឧកញ៉ាយិន ផាន្នី ជាភរិយា ព្រមទាំងកូនស្រី ថុង សុវណ្ណរង្សីយ៍ និងស្វាមី អភិបាលកោះសន្តិភាព និងចៅៗ រួមជាមួយលោកជំទាវ ខៀវ ហុង ព្រមទាំងកូននិងចៅ ឯកឧត្តម សុខ វាសនា និងលោកជំទាវ ឡេង លីណា លោកប៉ុល សារឿន នាយកការផ្សាយកោះសន្តិភាព និងភរិយា ព្រមទាំងសហការី កោះសន្តិភាពច្រើនកុះករបានរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តមុនីប្រសិទ្ធីវង្ស ដែលស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនដល់មាតាបិតាជីដូនជីតា និងញាតិកាទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ និងឧទ្ទិស កុសលជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ។
ពិធីវេនបិណ្ឌទី៦នេះ បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក
ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង២ និង៣០រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចំរើនព្រះបរិត្ត និងសំដែងធម៌ទេសនា ។
លុះព្រឹកឡើង ថ្ងៃសុក្រ ៦រោច ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំដដែល ប្រគេនយាគូព្រះសង្ឃ និងរាប់បាត វេរភត្តវេនបិណ្ឌ ព្រមទាំង ទេយ្យវត្ថុ ប្រគេនចំពោះព្រះសង្ឃ និងដារឆ្លង ជាកិច្ចសម្រេចបុណ្យ ។
វេនបិណ្ឌទី៦នេះ លោកជំទាវឧកញ៉ា យិន ផានី្ន ក៏បាននាំទយ្យទាន និងបច្ច័យចំនួន៥០០០ដុល្លារទៅប្រគេនដល់ សម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះចៅអធិការវត្តមុនីប្រសិទ្ធិវង្សសម្រាប់កសាងសមិទ្ធផលនានាកប់ទុកក្នុងព្រះពុទ្ធសាសនានិងបង្សុកូល ដើម្បីឧទ្ទិសកុសលជូនមាតាបិតា និងញាតិការ ទាំងប្រាំពីរសន្តាន និងវីរៈកងទ័ពដែលបានពលីដើម្បីបុព្វហេតុការពារជាតិនិងមាតុភូមិ ។
គួរបញ្ជាក់ថា នៅក្នុងឱកាសបុណ្យ កាន់បិណ្ឌដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរ មហាគ្រួសារកោះសន្តិភាព ដឹកដោយលោកឧកញ៉ា ថុង អ៊ុយប៉ាង ស្ថាបនិកកោះសន្តិភាព និងលោកជំទាវឧកញ៉ាយិន ផាន្នី ព្រមទាំងកូន និងចៅតែងតែផ្តួចផ្ដើមមូលមតិគ្នាជាឯកច្ឆ័ន្ធ រៀបចំពិធីបុណ្យ វេនកាន់បិណ្ឌជារៀងរាល់ឆ្នាំ ស្របតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធ សាសនា ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕








ចែករំលែកព័តមាននេះ