ត្រឹមរយៈពេល១ថ្ងៃ! ផ្សារមង្គលបូរីចាស់ ត្រូវទឹកជន់លិច ជាងកន្លះម៉ែត្រ ខណៈអាជីវករបិទតូប មិនបានលក់ដូរ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ផ្សារមង្គលបូរីចាស់ ស្ថិតភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ត្រឹមរយៈពេលតែ១ថ្ងៃ ត្រូវទឹកជំនន់ជន់លិចជាងកន្លះម៉ែត្រ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ខណៈអាជីវករបានបិទតូប ។
អាជីវករបានឱ្យដឹងថា រយៈពេល១ថ្ងៃ ទឹកជំនន់ជន់លិចផ្សារមង្គលបូរីចាស់ ជាងកន្លះម៉ែត្រ បណ្តាលឱ្យអាជីវលក់ដូរក្នុងផ្សារ និងលក់តាមផ្ទះល្វែង ត្រូវបានបិទទ្វារ មិនបានលក់ដូរនោះទេ ។
អាជីវករបានបញ្ជាក់ថា មានអាជីវករខ្លះ អីវ៉ាន់លក់ដូរត្រូវបានទឹកលិចខូចខាត ព្រោះទឹកជំនន់ជន់ឡើងលឿន ជាហេតុធ្វើឱ្យអ្នកលក់ដូរជញ្ជូនអីវ៉ាន់មិនទាន់ ។ ទឹកជំនន់អាចបន្តជន់ឡើងទៀត ព្រោះរយៈពេល១ថ្ងៃទឹកជន់ឡើងជាងកន្លះម៉ែត្រលិចផ្សារ។
លោក កែវ តារ៉ារស្មី អភិបាលស្រុកមង្គលបូរីបានបញ្ជាក់ថា នៅស្រុកមង្គលបូរី មានផ្សារ១កន្លែងដែលរងការលិចលង់ដោយទឹកជំនន់ ប្រសិនជាទឹកនៅបន្តហក់ឡើងខ្លាំងអាចប៉ះពាល់និងលិចលង់ផ្សារមួយចំនួនទៀត ព្រោះពេលស្ថានភាពទឹកនៅបន្តហក់ឡើងខ្លាំង លិចផ្សារនិងផ្ទះសម្បែងប្រជាពលរដ្ឋស្ទើរទាំងស្រុង នៅស្រុកមង្គលបូរី ។
លោកអភិបាលស្រុកបន្តថា ពេលនេះស្ថានភាពទឹកលិចធ្ងន់ធ្ងរនៅផ្នែកខាងលិចនិងខាងត្បូងផ្លូវជាតិលេខ៥ បណ្តាលឱ្យជន់លិចផ្លូវជាតិ លំនៅដ្ឋានប្រជាពលរដ្ឋ ហើយផ្លូវជាតិលេខ៥កន្លែងខ្លះដោយសារទឹកជំនន់ជន់លិចខ្លាំង ត្រូវបានបិទមិនអោយរថយន្តធុនធំឆ្លងកាត់ខ្លាចទឹកច្រោះដាច់ផ្លូវ ៕








ចែករំលែកព័តមាននេះ