កំសត់ម្ល៉េះ! ទឹកជំនន់លិចផ្ទះមិនទាន់ស្រួលបួលផង ត្រូវភ្លើងឆេះខូចខាតស្ទើរទាំងស្រុងទៀត
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ តើត្រូវនិយាយបែបណាចំពោះទឹកនិងភ្លើង ដែលដណ្តើមលេបត្របាក់ផ្ទះ១ខ្នង ដោយគ្មានក្តីមេត្តាបែបនេះ ។ ទីបំផុត តួផ្ទះពាក់កណ្តាលខាងលើ ត្រូវភ្លើងឆេះសល់តែធ្យូង ឯខាងក្រោមត្រូវទឹកជន់លិច ។

តាមព័ត៌មានឱ្យដឹងថា ផ្ទះ១ខ្នងនេះ បានត្រូវអគ្គិភ័យលេបត្របាក់អស់ស្ទើរទាំងស្រុក នៅពេលម្ចាស់រវល់ទៅខ្ចីទូកអ្នកភូមិយកមកចម្លងកូន និងអីវ៉ាន់ទៅកាន់ទួលសុវត្ថិភាព ព្រោះទឹកជំនន់លិចផ្ទះនៅលែងបានហើយ ។ ឧបទ្ទវហេតុនេះ បានកើតឡើង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ស្ត្រីជាម្ចាស់ផ្ទះប្រាប់ថា នៅពេលភ្លើងឆេះផ្ទះនោះ គឺគាត់រវល់ទៅខ្ចីទូកអ្នកភូមិដើម្បីចម្លងកូននិងយកអីវ៉ាន់ចេញពីផ្ទះ ដោយសារទឹកជំនន់បានជន់លិច ហើយឱ្យកូននៅចាំផ្ទះ ។ នៅពេលត្រឡប់មកវិញ ស្រាប់តែឃើញភ្លើងឆេះផ្ទះសន្ធោសន្ធៅទៅហើយ និងបានអ្នកជិតខាងជួយពន្លត់ដែរ តែមិនអាចពន្លត់បាន ទោះបីទឹកលិចពាក់កណ្ដាលផ្ទះដល់រនាបទៅហើយក្តី ។
អាជ្ញាធរមូលដ្ឋាននិយាយថា ផ្ទះដែលត្រូវភ្លើងឆេះអស់ស្ទើរទាំងស្រុងនេះ ជាប្រភេទផ្ទះឈើប្រក់ស័ង្កសី មានទទឹង៤ម៉ែត្រនិងបណ្តោយ៦ម៉ែត្រ និងទ្រព្យសម្បត្តិផ្សេងទៀតនៅក្នុងផ្ទះត្រូវខូចខាតអស់ទាំងស្រុង តែពុំមានគ្រោះថ្នាក់ដល់កូនដែលនៅចាំផ្ទះទេ ។
មន្ត្រីនគរបាលពន្លត់អគ្គិភ័យនិយាយថា តាមការស្រាវជ្រាវ ការកើតមានអគ្គិភ័យនេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គិភ័យ ។ ម្ចាស់ផ្ទះខាងលើ ដែលជាគ្រួសារក្រីក្រ ត្រូវបានអាជ្ញាធរឱ្យស្នាក់នៅវត្តតាហីជាបណ្តោះអាសន្នសិន ៕

ចែករំលែកព័តមាននេះ