សង្គ្រាមអ៉ីរ៉ង់ ៖ រដ្ឋការរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ពេលនេះ បានព្រមទទួលស្គាល់ហើយ ពីការប្រុងធ្វើអត្តឃាតរបស់នាវិកយ៉ាងតិច៨នាក់នៃនាវាផ្ទុកយន្តហោះ ABRAHAM LINCOLN ព្រោះតែធុញថប់ ពេលស្ថិតក្នុងលំហសមុទ្រយូរខ្លាំងពេក។

ការទទួលស្គាល់នោះ ធ្វើឡើងដោយរដ្ឋមន្ត្រីកងម៉ារីនស្ដីទីអាមេរិក លោកHUNG CAO ពេលឆ្លើយតបសំណួរពីរឿងនោះ របស់ព្រឺទ្ធសមាជិកាលោកស្រី KIRSTEN GILLIBRAND ។ ក្នុងសារលិខិតមួយរដ្ឋមន្ត្រីរូបនោះបញ្ជាក់ថា នាវិកម្នាក់កាលពីដើមខែ
សីហា បានលោតទម្លាក់ខ្លួនចូលក្នុងសមុទ្រ តែត្រូវបានជួយសង្គ្រោះទាន់នាំមកព្យាបាលជំងឺស្ត្រេស ។ ចំណែកនាវិកម្នាក់ទៀតក៏ប្រុងលោតចូលទឹកសមុទ្រដែរ ពីនាវាផ្ទុកយន្តហោះនេះ តែត្រូវបានរារាំងជាប់ដោយមិត្តរួមអាវុធ ។ រដ្ឋមន្ត្រីស្ដីទីរូបនោះបន្តថា ពុំមាននាវិកណាម្នាក់ ធ្វើអត្តឃាតក្នុងនាវានេះឡើយ ក្នុងឱកាសបំពេញបេសកកម្មដ៏យូរ ពិសេស ពេលចូលរួមធ្វើសង្គ្រាមប្រឆាំងអ៉ីរ៉ង់។
គួររំឭកថា នាវាផ្ទុកយន្តហោះ ABRAHAM LINCOLN បានចាកចេញពីក្រុងសាន់ឌីយេហ្គោ រដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃទី២១វិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបំពេញបេសកកម្មនៅសមុទ្រចិនខាងត្បូង ដោយក្នុងនាវានោះ មាននាវិកប្រមាណ៥០០០នាក់ ។ បន្ទាប់មកនាវានោះ បានមកកាន់តំបន់មជ្ឈឹមបូព៌ាជួយទ្រទ្រង់ដល់ការវាយលុករបស់អាមេរិក និងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ ។ នាវាផ្ទុកយន្តហោះនេះ បានវិលមកកាន់ក្រុងសាន់ឌីយេហ្គោវិញ កាលពីខែសីហាកន្លងទៅ ៕

ចែករំលែកព័តមាននេះ