បារាំង-អារ៉ាប៊ីសាអូឌីត ៖ ប្រធានាធិបតីបារាំង លោកអេមម៉ានុយអែលម៉ាក្រុង ប្រកាសនាថ្ងៃទី២៤ កញ្ញា ពីការបញ្ជូនមធ្យោបាយយោធាមកជួយការពារទីតាំងប្រេងធំអារ៉ាប៊ីសាអូឌីតនៅយ៉ានប៊ូ ដែលជាទីតាំងថាមពលយុទ្ធសាស្ត្រសំខាន់មួយក្នុងចំណោមទីតាំងថាមពលរបស់អារ៉ាប៊ីសាអូឌីត ។

ដើម្បីធ្វើឲ្យមានភាពធូរស្រាលដល់ទីផ្សារប្រេង ប្រធានាធិបតីបារាំងថ្លែងថា រឿងនោះ ជាការពិភាក្សាគ្នាដែលយើងបានបង្ហើយជាមួយអារ៉ាប៊ីសាអូឌីត ។ យើងនឹងបញ្ជូនបណ្ដាមធ្យោបាយយោធាមានន័យថា កងទាហាន បណ្ដារ៉ាដា បណ្ដាប្រព័ន្ធការពារ ដើម្បីការពារទីតាំងប្រេងសំខាន់នោះ តែមិនមែនយើងមកចូលរួមក្នុងជម្លោះណាមួយឡើយ ដោយគ្រាន់តែការពារទីតាំងនេះ ដែលក្នុងមួយថ្ងៃអាចផ្ដល់ប្រេងដល់ពី៥លានធុង ទៅ៧លានធុង ។
ពេលអ្នកកាសែតសួរលោកពីការបញ្ជូនយន្តហោះប្រយុទ្ធធុន RAFALE ទៅអារ៉ាប៊ូសាអូឌីតដែរ ឬយ៉ាងណា លោកម៉ាក្រុងថ្លែងថា គេនឹងតាមដានមើលការវិវឌ្ឍនៃសភាពការណ៍ និងយោងទៅតាមសេចក្ដីត្រូវការ ។ ទីក្រុងកំពង់ផែយ៉ានប៊ូជាកន្លែងនាំប្រេងចេញសំខាន់បំផុតរបស់អារ៉ាប៊ីសាអូឌីត តាមសមុទ្រក្រហមពិសេសមកកាន់អឺរ៉ុប ដោយសារកំពង់ផែនេះតភ្ជាប់បណ្ដាតំបន់ប្រេងរបស់អារ៉ា ប៊ីសាអូឌីតស្ថិតនៅជិតឈូងសមុទ្រពែរ្ស តាមរយៈបំពង់បង្ហូរបប្រេង EST-OUEST ដែលគេក៏ស្គាល់ដែរក្រោមឈ្មោះថា PETROLINE ។

បំពង់បង្ហូរប្រេងនោះ ដែលទើបជួសជុលឡើងវិញក្រោយការវាយប្រហារដាច់ដោយដ្រូនមកពីអ៉ីរ៉ាក់ ដើរតួនាទីសំខាន់ពេលកំពុងមានសង្គ្រាមនៅមជ្ឈឹមបូព៌ា ដោយអាចបញ្ជូនប្រេងវាងច្រកសមុទ្រហ័រមូស សម្រាប់ការនាំប្រេងចេញរបស់អារ៉ាប៊ីសាអូឌីតជាប្រទេសនាំប្រេងចេញធំទីមួយលើពិភពលោក។
ទីតាំងយ៉ានប៊ូជាប់សមុទ្រក្រហមផ្ដល់ដល់អារ៉ាប៊ីសាអូឌីត នូវផ្លូវនាំចេញប្រេងឆៅ និងបណ្ដាផលិតផលប្រេងទៅកាន់ទីផ្សារ
អឹរ៉ុប ។ កំពង់ផែនោះ ក៏មានទីតាំងស្តុកប្រេងធំៗ និងរោងចក្រចម្រាញ់ប្រេងកាតធំផងដែរ ។ វាជាកន្លែងដែលពួកហ៊ូធីយកជាគោលដៅនៃការវាយប្រហាររបស់ពួកគេ ៕


ចែករំលែកព័តមាននេះ