យេម៉ែន-អារ៉ាប៊ីសាអូឌីត ៖ អារ៉ាប៊ីសាអ៊ូឌីតនិយាយ កាលពីថ្ងៃទី២៤ កញ្ញា ថា បានស្ទាក់កម្ទេចបណ្ដាមីស៊ីលដែលបាញ់មកពីយេម៉ែនដោយពួកឧទ្ទាមហ៊ូធីស្និទ្ធិអ៉ីរ៉ង់ ពេលកំពុងមានការកើនឡើងនៃការប្រទូស្តរ៉ាយគ្នារវាងភាគីទាំង២ ។ ក្រុមចម្រុះដែលបង្កើតឡើងដោយអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំ២០១៥ ដើម្បីជួយទ្រទ្រង់ដល់រដ្ឋាភិបាលយេម៉ែនប្រឈមមុខនឹងពួកហ៊ូធីគូសបញ្ជាក់ថា កងការពារអាកាសបានបាញ់ទម្លាក់មីស៊ីល៦គ្រាប់ ដែលវាយប្រហារសំដៅតំបន់តៃអ៉ីវ និងយ៉ានបួជាប់សមុទ្រក្រហម ។

ផ្នែកការពារស៊ីវិលអារ៉ាប៊ីសាអូឌីតមុននេះ បានចេញការប្រកាសអាសន្នពីគ្រោះថ្នាក់ខ្លាំងក្នុងតំបន់ជាច្រើនរបស់ប្រទេស ពិសេស ក្រុងឡាម៉ិកជាទីក្រុងសក្ការៈបូជារបស់សាសនិកអ៊ិស្លាម ។ ការព្រមានទាំងនេះ ទាក់ទិនដល់ខេត្តតៃអ៉ីវ ហ្សេដដាហ៍ តាប៊ុក និងយ៉ានប៊ូត្រូវបានលុបចោលវិញប៉ុន្មាននាទីក្រោយមក។
បន្ទាប់មកទៀតពួកហ៊ូធីប្រកាសពីការវាយប្រហារ ដោយមីស៊ីលបាលីស្ទិកនិងដ្រូនសំដៅលើបណ្ដាទីបញ្ជាការដ្ឋានកងទ័ពនិងបណ្ដាឃ្លាំងអាវុធ នៅភាគខាងត្បូងអារ៉ាប៊ីសាអូឌីត ។ ការវាយប្រហារទាំងនោះបណ្ដាលឲ្យស្លាប់ និងរបួសបុគ្គលិកជាជនជាតិយេម៉ែន ស៊ូដង់និងអារ៉ាប៊ីសាអូឌីតច្រើននាក់ ។ ពួកហ៊ូធីក៏អះអាងដែរពីការវាយប្រហារប្រឆាំងបណ្ដាទីតាំងប្រេងរបស់ក្រុមហ៊ុនយក្សអារ៉ាប៊ីសាអីឌីត ARAMCO នៅយ៉ានប៊ូនិងនិងទីតាំងប្រេងមួយទៀតនៅជិតទីក្រុងរីយ៉ាដ ។

ការប៉ះទង្គិចគ្នាក៏នៅបន្តដែរជុំវិញទីក្រុងតៃអ៉ីស និងក្រុងម៉ារីបជាទីក្រុង២ស្ថិតក្រោមការកាន់កាប់របស់កងទ័ពរដ្ឋាភិបាលយេ
ម៉ែននៅឡើយ។ កងទ័ពរដ្ឋាភិបាលបានចោទប្រកាន់ពួកហ៊ូធីថា វាយប្រហារលើសង្កាត់ជាច្រើន នាភាគកណ្ដាលក្រុងតៃអ៉ីស។ ចំណែកពួកហ៊ូធីរាយការណ៍ពីការវាយប្រហារតាមអាកាស១៩លើក របស់កង យន្តហោះប្រយុទ្ធអារ៉ាប៊ីសាអូឌីតជួយទ្រទ្រង់ដល់កងទ័ពរដ្ឋាភិបាល ។
ពួកឧទ្ទាមហ៊ូធីយេម៉ែនកាលពីថ្ងៃទី២២ កញ្ញា បានចោទប្រកាន់អារ៉ាប៊ីសាអូឌីតថា វាយប្រហារបង្ហូរឈាមប្រឆាំងកំពង់ផែមួយនៅសមុទ្រក្រហម ។ កងកម្លាំងឧទ្ទាមដ៏ខ្លាំងនោះ ដណ្ដើមត្រួតត្រាលើច្រកសមុទ្រ BAB EL MANDEB ជាច្រកសមុទ្រយុទ្ធសាស្ត្រមួយ សម្រាប់ការដឹកប្រេងឬឧស្ន៍នផ្គត់ផ្គង់ដល់ពិភពលោកពិសេសការដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីត ។ សម្រាប់ពេលនេះអារ៉ាប៊ីសាអូឌីតរងបរាជ័យព្រោះមិនអាចរារាំងការវាយរុលទៅមុខរបស់ពួកហ៊ូធីក៏ទោះបីមានការវាយប្រហារតាមអាកាសរាល់ថ្ងៃលើបណ្ដាទីតាំងពួកហ៊ូធីនៅយេម៉ែនក្ដី។ យោងតាមពួកហ៊ូធីថា ការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីត បណ្ដាលឲ្យមនុស្សស្លាប់ច្រើនរយនាក់តាំងពីដើមខែកញ្ញាមក។
ម្យ៉ាងវិញទៀត ពួកហ៊ូធីបានគំរាមអាមេរិកបើធ្វើអន្តរាគមន៍ជួយអារ៉ាប៊ីសាអូឌីត តាមរយៈការវាយប្រហារនានា ឬជួយទ្រទ្រង់ខាងអាកាស ដោយចាត់ទុករាល់ផលប្រយោជន៍អាមេរិកនៅជុំវិញប្រទេសខ្លួនថា ជាគោលដៅវាយប្រហារ ។ ពួកហ៊ូធីចាត់ទុកជាខ្សែបន្ទាត់ក្រហម ការធ្វើអន្តរាគមន៍ជាយថាហេតុរបស់អាមេរិកនៅច្រកសមុទ្រ BAB EL MANDEB ៕

ចែករំលែកព័តមាននេះ