ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែក«ចោរៗ» ផ្អើលពេញផ្លូវ! ចោរលួចទូរស័ព្ទ ៤គ្រឿងពីហាងសាឡន ជិះម៉ូតូដួលទាក់ដៃកង់បី ត្រូវសមត្ថកិច្ចចាប់បាន

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ​ធ្វើការ​ឃាត់ខ្លួន​បាន រីឯ​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​រួច ខណៈ​ពួក​គេ​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​នៅ​ក្នុង​ហាង​សាឡ​ន​មួយ​កន្លែង បាន​ចំនួន​៤​គ្រឿង ។

ប៉ុន្តែ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​ម្ចាស់​ទូរស័ព្ទ​ខាងលើ​ឃើញ​ទាន់​ស្រែក​ឆោឡោ​ថា​«​ចោរ​ៗ» ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​កង់​បី​១​គ្រឿង​បណ្ដាល​ឲ្យ​ដួល ទើប​ម្នាក់​ជាប់​ខ្នោះ និង​ម្នាក់​ទៀត​រត់​រួច ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ត្រង់​ចំណុច​ហាង​សាឡ​ន​យីហោ​«១៩៨៨» ស្ថិត​នៅផ្ទះ​លេខ​១២AE០E១ ផ្លូវ​លេខ​២០២០ ភូមិ​ម័​ល​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ឃុ​ង ឡា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​តាម​ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​មាន​ផ្ទុក​សារធាតុ​ញៀន​) និង​បក្ខពួក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​រួច​ឈ្មោះ ជា ភេទ​ប្រុស អាយុ​ប្រហែល​១៦​ឆ្នាំ ។

ម្ចាស់​ទូរស័ព្ទ​មាន​២​នាក់ ទី​១.​ឈ្មោះ​សំ​អុល ស្រី​ផា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​សាឡ​ន និង​ទី​២.​ឈ្មោះ អ៊ី​ន សា​រឿ​ន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​ជាង​សាឡ​ន អ្នក​ទាំង​២ ស្នាក់​នៅផ្ទះ​កើត​ខាងលើ ។

ដោយឡែក ទូរស័ព្ទ​ដែល​ត្រូវ​ជនសង្ស័យ​លួច មាន​ចំនួន​៤​គ្រឿង​រួម​មាន ៖ ម៉ាក SAMSUNG ២​គ្រឿង​ជា​ជា​របស់​ឈ្មោះ អ៊ី​ន សា​រឿ​ន រីឯ​២​គ្រឿង​ទៀត មាន​ម៉ាក​VIVO និង​ម៉ាក​I PHONE ១១ គឺជា​ជា​របស់​ឈ្មោះ​សំ​អុល ស្រី​ផា ។

ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឃុ​ង ឡា នគរបាល​ដកហូត​ទូរស័ព្ទ​មក​វិញ​បាន​តែ​៣​គ្រឿង​ប៉ុណ្ណោះ SAMSUNG ២​គ្រឿង និង VIVO ១​គ្រឿង ចំណែក​ម៉ាក​I PHONE ១១ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ​ជា​យក​ទៅ​បាត់​ហើយ ។

នគរបាល​បាន​ប្រាប់​ថា វេលា​កើតហេតុ​ខាងលើ​ជាង​សាឡ​ន​ទាំង​២​នាក់​បាន​ទុក​ទូរស័ព្ទ​នៅ​លើ​សា​ឡុ​ង​ទទួលភ្ញៀវ នៅ​ក្នុង​ហាង​សាឡ​ន​យីហោ​«១៩៨៨» ហើយ​ខណៈ​ពេល​កំពុង​កក់សក់​ឱ្យ​ភ្ញៀវ​នៅ​ក្នុង​ហាង បានឃើញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជា ចូល​មក​លួច​ទូរ​សព្ទ​ដៃ​របស់​ពួក​នាង ។ ពេល​នោះ​ពួក​នាង​ក៏​បាន​ស្រែក​ឆោឡោ​ថា «​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន ភ្លាម​ៗ​នោះ​ម្ចាស់​ទូរស័ព្ទ​ទាំង​២​នាក់ ក៏​បាន​នាំ​គ្នា​រត់​ដេញ​តាម​ដែរ ។

នគរបាល​បាន​ប្រាប់​បន្ត​ថា ពេល​រត់​ចេញ​ដល់​ក្រៅ​ហាង​ពួក​នាង​បានឃើញ​ជនសង្ស័យ​ឈ្មោះ ឃុ​ង ឡា នៅ​ចាំ​ផ្លូវ​និង​អង្គុយ​លើ​ម៉ូតូ​១​គ្រឿង ម៉ាក HONDA DREAM C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BF-6061 ។ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន ខណៈនោះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត​នៅ​ក្បែរ​នោះ​បាន ជួយ​អន្តរាគមន៍​ដេញ​តាម ហើយ​ដល់​ផ្លូវ​បេតុង ស្ថិត​ភូមិ​ឫស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

ជនសង្ស័យ​បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​កង់​បី​១​គ្រឿង បណ្តាល​ឱ្យ​ដួល​ម៉ូតូ ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ ឃុ​ង ឡា រួច​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់​តាម​ច្បាប់ ចំណែក​ឈ្មោះ​ជា បាន​យក​ទូរ​សព្ទ​ដៃ​ម៉ាក I PHONE ដែល​លួច​បាន​គេចខ្លួន​បាត់​ស្រមោល ៕