ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និងសាធារណរដ្ឋតួកគីយ៉េ ពិភាក្សាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការអភិវឌ្ឍជំនាញ និងការចល័តកម្លាំងពលកម្មជំនាញ

1 ខែ មុន

ទីក្រុងសៀងហៃ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Vedat ISIKHAN រដ្ឋមន្ត្រីក្រសួងការងារ និងសន្តិសុខសង្គម នៃសាធារណរដ្ឋតួកគីយ៉េ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦ នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ។ ជំនួបនេះមានគោលបំណងពិភាក្សាពីការងារអាទិភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ ស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការចល័តកម្លាំងពលកម្ម និងការអភិវឌ្ឍជំនាញ ដោយផ្អែកលើតម្រូវការជាក់ស្តែង និងការការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករ ព្រមទាំងកំណត់សកម្មភាពបន្តជាក់ស្តែង ក្រោមក្របខណ្ឌនៃកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មការចម្រុះសេដ្ឋកិច្ចកម្ពុជា-តួកគីយ៉េ (JEC) ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់សមភាគីតួកគីយ៉េ ក្នុងការរៀបចំជំនួបជាលើកដំបូងសម្រាប់កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ។ ទន្ទឹមនេះ ឯកឧត្តមបានរំលឹកពីកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មការចម្រុះសេដ្ឋកិច្ចកម្ពុជា-តួកគីយ៉េ ដែលបានប្រព្រឹត្តទៅនៅទីក្រុងអង់ការ៉ា នាថ្ងៃទី ៣-៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលបានកំណត់ការគ្រប់គ្រងការធ្វើទេសន្តរប្រវេសន៍ការងារ ការអភិវឌ្ឍ និងការទទួលស្គាល់ជំនាញ ព្រមទាំងសន្តិសុខសង្គម ជាវិស័យសម្រាប់កិច្ចសហប្រតិបត្តិការ ។

ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ ក៏បានស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Vedat ISIKHAN ដែលមានគោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការលើការជ្រើសរើសពលករដែលមានជំនាញ រួមទាំងចំណាប់អារម្មណ៍របស់និយោជកលើជំនាញវិស្វកម្មមេកានិក និងមេកានិក ។ ជាមួយនឹងកិច្ចពិភាក្សាពីព័ត៌មានជាក់លាក់នៃតម្រូវការកម្លាំងពលកម្ម ឯកឧត្តម ហេង សួរ បានបញ្ជាក់ពីកម្លាំងពលកម្មវ័យក្មេង និងការផ្តល់ឱកាសទទួលបានការបណ្តុះបណ្តាលយ៉ាងទូលំទូលាយរបស់កម្ពុជា ព្រមទាំងសិស្ស-និស្សិតដែលបានបញ្ចប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានសក្តានុពលក្នុងវិស័យផលិតកម្ម មេកានិក និងជំនាញបច្ចេកទេសពាក់ព័ន្ធ ។ 

ឯកឧត្តមក៏បានសង្កត់ធ្ងន់លើការជ្រើសរើស និងបញ្ជូនពលករប្រកបដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ និងស្របច្បាប់ ដោយធានានូវតម្លាភាពនៃការចំណាយ កិច្ចសន្យាច្បាស់លាស់ ប្រាក់ឈ្នួលសមរម្យ កន្លែងស្នាក់នៅ សុវត្ថិភាព និងសុខភាពការងារ ការធានារ៉ាប់រង ការដោះស្រាយបញ្ហាប្រឈមនានា និងការរៀបចំមាតុភូមិនិវត្តន៍ ។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាប្រកបដោយភាពស្និទ្ធស្នាល និងផលិតភាពលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើជំនាញកែច្នៃផលិតផលកសិកម្ម វិស័យការងារ ការចល័តពលករទេសន្តរប្រវេសន៍ និងយន្តការជ្រើសរើសពលករប្រកបដោយតម្លាភាព និងសុវត្ថិភាព ព្រមទាំងបានឯកភាពគ្នាក្នុងការស្វែងរកលទ្ធភាពផ្សេងៗទៀត ដើម្បីបង្កើត និងពង្រឹងទំនាក់ទំនងសម្រាប់ជាអត្ថប្រយោជន៍នៃប្រទេសទាំងពីរ ។ លើសពីនេះ កម្ពុជា និងតួកគីយ៉េ ក៏នៅមានវិស័យសក្ដានុពលជាច្រើនទៀតសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅនាពេលអនាគត ៕ អត្ថបទសហការ