ប្រធានាធិបតីរុស្ស៊ី លោកឌីមីទ្រីម៉េដវេដេវ និងសមភាគីអ៊ុយក្រែន លោកវិកទ័រ អ៊ីយ៉ានូ កូវីត បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី១១ សីហា នៅទីក្រុងសូតជី ក៏ប៉ុន្តែភាគីទាំង២ទទួលស្គាល់ថា នៅតែមានការខ្វែងទំនាក់គ្នាបន្តទៀត លើសំណុំរឿងមួយចំនួនដូចជាសំណុំរឿងដែលទាក់ទិនទៅនឹងតម្លៃឧស្ម័នជាដើម។
ក្នុងឱកាសនៃការជួបគ្នានោះ លោកម៉េដវេដេវ ថ្លែងថា ទំនាក់ទំនងរុស្ស៊ី-អ៊ុយក្រែន មានការរីកចម្រើនយ៉ាងល្អ ក៏ប៉ុន្តែប្រការនោះពុំមានន័យថា ពុំមានបញ្ហានានានោះឡើយ។ លោកគូសបញ្ជាក់ថា មានបញ្ហាជាច្រើន ហើយខ្ញុំស្នើឱ្យយើងផ្តោតលើបញ្ហាទាំងនេះ។ យើងក៏នឹងពិភាក្សាគ្នាផងដែរពីកិច្ចសហប្រតិបត្តិការខាងឧស្ម័នដែលជាប្រពៃណីវាជាបញ្ហាស្មុគ្រស្មាញមួយ។ ប្រធានាធិបតីទាំង២រូបក៏ពិភាក្សាផងដែរពីដំណើរការធ្វើសមាហរណកម្មរបស់សហគមន៍រដ្ឋឯករាជ្យ CEI និងបញ្ហាព្រំដែន។
ចំណែកលោកអ៊ីយ៉ានូកូវីត វិញបានសម្តែងនូវក្តីសង្ឃឹមថា ប្រទេសទាំង២នឹងរកឃើញការសម្របសម្រួលមួយ ដើម្បីដោះស្រាយបញ្ហារសើបទាំងឡាយ ដោយថ្លែងថា មានការខិតចូលជិតគ្នាដោយស្ថាបនាមួយចំពោះបញ្ហាទាំងនេះ។
រដ្ឋាភិបាលអ៊ុយក្រែនបានអំពាវនាវចាប់តាំងពីយូរមកហើយ ដល់រុស្ស៊ីឱ្យពិនិត្យឡើងវិញពីតម្លៃឧស្ម័ន ក៏ប៉ុន្តែភាគីទាំង២នៅពុំទាន់ឈានទៅដល់កុងសង់ស៊ុលមួយនៅឡើយ។ អ៊ុយក្រែនកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់ខ្លួនដល់បណ្តាប្រទេសអឺរ៉ុបចំនួន២០,៤% ក្នុងឆ្នាំ២០០៩ ក្រោយជម្លោះមួយលើតម្លៃរវាងក្រុងម៉ូស្គូ និងក្រុងគៀវ ញ៉ាំងឱ្យមានការកាត់ផ្តាច់ឧស្ម័នរុស្ស៊ី២សប្តាហ៍ទៅកាន់អឺរ៉ុប៕
ចែករំលែកព័តមាននេះ