ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំ ទទួលលោក ស៊ី ជីនពីង ដោយផ្ទាល់ដល់ព្រលានយន្តហោះ ក្នុងដំណើរទស្សនកិច្ចនៅអាមេរិក

2 ខែ មុន

ចិន​-​អា​មេ​រិ​ក ៖ ប្រធានាធិបតី​ចិន លោក​ស៊ី ​ជី​ន​ពីង​ បាន​មក​ដល់​សហរដ្ឋអាមេរិក ​កាលពី​ថ្ងៃ​ទី​២៣ ​កញ្ញា​ សម្រាប់​ទស្សនកិច្ច​ផ្លូវការ ​រយៈពេល​៣​ថ្ងៃ​នៅ​ទីនោះ ដែល​ជា​ឱកាស​នៃ​ការ​ពិភាក្សា​គ្នា​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ​។ ក្នុង​ចំណោម​បញ្ហា​ដែល​លើក​មក​ពិភាក្សា​គ្នា​មាន​ជា​ពិសេស​ពាណិជ្ជកម្ម​អ៊ី​រ៉​ង់ តៃវ៉ាន់ រ៉ែ​យុទ្ធសាស្ត្រ​និង​បញ្ញា​សិប្បនិម្មិត​AI​។

ប្រធានាធិបតី​ចិន​អមដំណើរ​ដោយ​ភរិយា​លោកស្រី​ប៉េង ​លី​យន់ ត្រូវ​បាន​ទទួល​ពេល​អញ្ជើញ​ចុះ​ពី​យន្តហោះ​នៅ​ជិត​ក្រុង​វ៉ា​ស៊ីន​តោន ដោយ​លោក​ដូ​ណា​ល់​ត្រាំ​ផ្ទាល់​តែ​ម្ដង ដែល​ខុស​ពី​ទម្លាប់​សម្រាប់​ប្រមុខរដ្ឋ​បរទេស​មួយ​រូប​។ ប្រធានាធិបតី​អា​មេ​រិ​កបាន​រៀបចំ​បដិសណ្ឋារកិច្ច​លោក​ស៊ី ជី​ន​ពីង ​ដំបូង​នៅ​ព្រ​លាន​យន្តហោះ ជាមួយ​គ​ម្រា​ល​ព្រំ​ក្រហម កង​ទាហាន​កិត្តិយស បាច់ផ្កា​និង​ការ​ហោះហើរ​របស់​បណ្ដា​យន្តហោះ​ទម្លាក់​គ្រាប់បែក​។

តាម​ទម្លាប់​រៀង​មក​ការ​ទទួល​បណ្ដា​មេដឹកនាំ​បរទេស​នៅ​ព្រ​លាន​យន្តហោះ​តែង​ជា​ភារកិច្ច​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​ថ្នាក់ទាប ។ ពេល​ថ្លែង​ទៅ​កាន់​សារព័ត៌​មាននៅ​សេត​វិមាន ពី​ការ​ទទួល​លោក​ស៊ី ជី​ន​ពីង ​និង​ភរិយា លោក​ត្រាំ ​លើក​ឡើង​ថា​បែប​នោះ​គឺ​ចង់​ឲ្យ​លោក​ស៊ី ជី​ន​ពីង ​និង​ភរិយា​សប្បាយចិត្ត​។

នា​ថ្ងៃ​ទី​២​នៃ​ទស្ស​កិច្ច​នោះ​គឺ​ថ្ងៃ​ទី​២៤​កញ្ញា មាន​ពិធីជប់លៀង​ផ្លូវការ​មួយ​នៅ​សេត​វិមាន​។ ក្បួន​យោធា​មួយ​និង​ការ​ហោះហើរ​នៃ​កង​យន្តហោះ​ប្រយុទ្ធ​ត្រូវធ្វើ​មុន​ពេល​ចាប់​ផ្ដើ​ន​ពិធី​លៀង​សាយភោជន​ដែល​រៀបចំ​ធ្វើ​នៅ​សេត​វិមាន ដោយ​លោកស្រី​មី​ឡា​នី​ញ៉ា​ ត្រាំ​។ មេដឹកនាំ​ក្រុមហ៊ុន​ធំ​ៗ​របស់​អា​មេ​រិ​ក​ក៏​មាន​វត្តមាន​ក្នុង​ពិធី​លៀង​សាយភោជន៍​នោះ​ដែរ​។

ទស្សនកិច្ច​នោះ ​របស់​ប្រធានាធិបតី​ចិន​បាន​ទទួលលទ្ធផល​សំខាន់​មួយ​រួច​ទៅ​ហើយ លើ​បញ្ហា​ពាណិជ្ជកម្ម​។ ក្រុង​វ៉ា​ស៊ី​ន​តោន​និង​ក្រុង​ប៉េ​កាំ​ង​បាន​ព្រមព្រៀង​គ្នា កាលពី​ថ្ងៃ​ទី​២៣​កញ្ញា​ពន្យារពេល​បទ​ឈប់​បាញ់​ខាង​ពាណិជ្ជកម្ម រហូត​ដល់​ថ្ងៃ​ទី​១០​មក​រា ដែល​ការ​ផ្អាក​ស​ង្ក្រា​ម​ពាណិជ្ជកម្ម​នោះ​ត្រូវ​ផុតកំណត់់​នា​ថ្ងៃ​ទី​១០​វិច្ឆិកា​។ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​លោក​SCOTT BRESSENT លើក​ឡើង​ថា យើង​បាន​ព្រមព្រៀង​គ្នា​ពន្យារពេល​ភាព​ធូរស្រាល​ខាង​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំង​២ ដើម្បី​ទុក​ពេល​ថែម​ទៀត​សម្រាប់​ពិចារណា​លើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​លើ​វិស័យ​ពាណិជ្ជកម្ម​៕