ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ក្សត្រី​ថៃ​សម្តែង​ហឫទ័យព្រួយ​បារម្ភ​​ពី​បញ្ហា​​នៅភាគ​ខាង​ត្បូង​ប្រទេស

13 ឆ្នាំ មុន

ម្ចាស់ក្សត្រីថៃ Sirikit បានសម្តែង​ព្រះ​រាជ​​ហឫទ័យ​សោក​​សង្រេងចំពោះអំពើហិ.ង្សាដែល​កាន់តែ​ រីកធំឡើងនៅក្នុងតំបន់ភាគខាងត្បូង​ប្រទេស។ ​ជា​មួយ​គ្នា​​នេះ​ការវាយប្រហារមកលើ​ព្រះ​សង្ឃ គឺ​ជាការ​រំលោ.ភលើសេរីភាពសាសនា​យ៉ាងធ្ងន់​ធ្ងរ។ ម្ចាស់ក្សត្រី​បានមានព្រះ​សវនីយ៍​ពីក្តីបារម្ភ​របស់​ទ្រង់​ទៅលើបញ្ហាផ្សេងៗ​

ម្ចាស់ក្សត្រីថៃ Sirikit បានសម្តែង​ព្រះ​រាជ​​ហឫទ័យ​សោក​​សង្រេងចំពោះអំពើហិង្សាដែល​កាន់តែ​រីកធំឡើងនៅក្នុងតំបន់ភាគខាងត្បូង​ប្រទេស។ ​ជា​មួយ​គ្នា​​នេះ​ការវាយប្រហារមកលើ​ព្រះ​សង្ឃ គឺ​ជាការ​រំលោភលើសេរីភាពសាសនា​យ៉ាងធ្ងន់​ធ្ងរ។

ម្ចាស់ក្សត្រី​បានមានព្រះ​សវនីយ៍​ពីក្តីបារម្ភ​របស់​ទ្រង់​ទៅលើបញ្ហាផ្សេងៗ​ក្នុងតំបន់ភាគ​ខាង​ត្បូង​ប្រទេស​ ក្នុងអំឡុងថ្លែងសុន្ទរកថាក្នុងកម្មវិធី​ចំរើន​ព្រះជន្មគម្រប់​៧៩វស្សា ក្រោមការ​ចូល​រួម​ពីសមាជិក​គណៈរដ្ឋមន្ត្រី អ្នកមានបណ្តាស័ក្តិ មន្ត្រី​រាជការ​ជាន់​ខ្ពស់ អ្នកមានមុខមាត់ក្នុងសង្គម នៅឯ​ប្រាសាទ​Dusitdalai Pavilion កាល​ពី​ថ្ងៃទី១១ សីហា ​និង​មាន​ការ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ព្រម​ពេល​គ្នា​ទាំងអស់។

ព្រះ​អង្គ​មាន​ព្រះ​សវនីយ៍​ថា ទ្រង់មានការ​ភ្ញាក់​ផ្អើល​និងក្រៀមក្រំយា៉ង​ខ្លាំង​ពីអំពើហិង្សា​ដែល​បាន​រីក​រាលដាលដល់ព្រះសង្ឃ ដែល​ជា​បុគ្គល​​មិន​ដែល​បង្កបញ្ហាដល់​សង្គម ដល់អាជ្ញា​ធរ​រដ្ឋ និង​ប្រជា​ពល​រដ្ឋស៊ីវិល។ ព្រះរាជាណា​ចក្រ​ថៃ​​មាន​កេរ្តិ៍​ឈ្មោះល្បីល្បាញចំពោះសេចក្តី​សន្តោស​ប្រណី​ក្នុងវិស័យសាសនាចាប់តាំងពីក្នុង​រាជ្យស្តេច Mongkut ។ ទីក្រុងបាងកកត្រូវ​បាន​គេ​បោះ​ឆ្នោត​សម្រេចថា ជាទីក្រុងល្អបំផុតពី​ទស្សនាវដ្តី​ដំណើរកំសាន្តអន្តរជាតិ​ ទាំង​នេះ​ក៏​ដោយសារមាន​គុណ​សម្បត្តិមួយផ្នែកពីការ​សន្តោស​ប្រណីក្នុងវិស័យ​សាសនា ដែលមាន​មនុស្សមកពីសាសនាផ្សេងៗគ្នានិង​មាន​ជំនឿ​ខុស​គ្នា​នៅរួមគ្នា និងអនុញ្ញាតឲ្យពួក​គេ​​ប្រតិបត្តិ​ជំនឿ​របស់គេដោយសេរី។

ព្រះ​អង្គ​បាន​បន្ត​ថា ទ្រង់មិនជឿថា វាជា​សកម្ម​ភាពរបស់ប្រជាជន​ថៃមូស្លីមដែលជា​មនុស្ស​មានចិត្តធម៌ និង​ករុណា​​នោះ​ទេ។ ការការ​ពារ​មិនឲ្យ​ប្រជា​ពល​​រដ្ឋ​ប្រគល់​ទេយ្យទានដល់​ព្រះ​សង្ឃ គឺជា​ការ​បំពារ​បំពានដល់សេរីភាព​ក្នុង​ការប្រតិបត្តិជំនឿ​សាសនារបស់ពួកគេ។

ជាចុងក្រោយទ្រង់ព្រះ​សវនីយ៍​ថា ព្រះ​មហា​ក្សត្រ​តែង​តែ​មាន​ហឫ​ទ័យ​សន្តោស​ស្មើគ្នា​លើគ្រប់​សាសនា​ទាំងអស់ ​និង​​យាង​​ទៅ​កាន់​គ្រប់​តំបន់ ហើយទ្រង់ផ្ទាល់​ក៏ធ្វើដូចគ្នានោះ​ដែរ។ អ្នក​ទាំង​អស់​គ្នាក៏មានសេចក្តី​សោក​សង្រេង និង​បែ​បន់​ឲ្យ​បញ្ហា​បានចប់ដែរ។ ដូច្នេះ​ខ្ញុំ​សូម​សំណូមពរ​​ដល់​អ្នក​ទាំងអស់គ្នា​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​មាន​សន្តិ​ភាព និងសុភមង្គលឡើងវិញនៅលើដែន​ដីខាង​ត្បូង​ប្រទេស។ រាជរដ្ឋាភិបាល និងមន្ត្រី​សាធា​​រណៈ​ត្រូវ​ខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង​ជា​មួយ​គ្រឿងញៀនខុសច្បាប់ដែលរីករាលដាល​ធំ​លឿនជាងមេរោគ។ ជា​មួយ​គ្នា​នេះ​ដែរ ព្រះ​មហា​ក្សត្រក៏​បាន​ខិត​ខំ​ប្រឹងប្រែងលើក​ទឹក​ចិត្ត​ដល់​មនុស្សក្នុងកុល​សម្ព័ន្ធតាមភ្នំឲ្យ​ផ្លាស់​ប្តូរពីការ​ដាំដុះគ្រឿងញៀន​ទៅ​ដាំដំណាំងផ្សេង​វិញ ព្រោះ​​ប្រទេសត្រូវបាន​គេ​ប្រើប្រាស់ជាផ្លូវជូញដូរ​គ្រឿងញៀននិងជា​កន្លែង​ផលិតផងដែរ។

ម្ចាស់ក្សត្រីបានថ្កោលទោសមនុស្សដែល​ជាប់​ទាក់ទង​នឹងជំនួញខុសច្បាប់នេះថា ជាឃាតក​​​ឈាមត្រជាក់ ទ្រង់នៅ​មិន​សុខ​ឡើយ​នៅ​ពេល​ឮថា ថ្នាំញៀនកើនឡើង និង​អាច​រក​បាន​នៅ​គ្រប់ទីកន្លែង​ ជា​ពិសេស​នៅ​ក្នុងសាលារៀន។ ពួកគេ​បានធ្វើសកម្មភាព​ដូច​ជាឃាតក ដោយ​បាន​​សម្លាប់កូនៗរបស់ខ្លួន​ផ្ទាល់តាមវិធី​ត្រជាក់​នេះ។ ទ្រង់បានផ្តល់ប្រាក់ផ្ទាល់ខ្លួន​ឧបត្ថម្ភ​​ដល់​ការិយាល័យនៃគណៈកម្មការគ្រប់​គ្រង Narcotics (ONCB) ដើម្បីគាំទ្រ​សកម្ម​ភាព​ប្រឆាំង​​គ្រឿងញៀន។

ONCB បានប្រើប្រាស់ប្រាក់ទាំងនោះលើ​ភូមិ​ចំនួន១២.១៨៩ ដើម្បីជួយដល់សហគមន៍​របស់ពួកគេគ្មានគ្រឿងញៀន។ ក្នុងសម័យរដ្ឋា​ភិបាលលោកអាប់ភីស៊ីត ក៏មានការ​បន្ថែម​ប្រាក់​៣០០​លានបាត ហើយទ្រង់មានក្តីសង្ឃឹមថា រដ្ឋាភិ​បាល​ថ្មីនឹងគាំទ្រ​កិច្ច​ការ​នោះ​បន្ត​ទៀត។

បន្ទាប់មកទ្រង់​បាន​មានព្រះ​សវនីយ៍​ពី​ព្រះ​រាជ​សុខភាពព្រះ​មហាក្សត្រថា ​ព្រះអង្គ​បាន​ធូរ​ស្បើយហើយ។ ព្រះ​អង្គ​នៅបន្តទទួលការព្យា​បាល​ដោយ​ចលនា​​ដើម្បីឲ្យសាច់ដុំរឹងមាំវិញ។ ព្រះ​អង្គ​អាចធ្វើ​ការ​បាន​ច្រើនជាងមុន ហើយ​កំពុង​មានក្តីបារម្ភ​ពី​បញ្ហា​ទឹកជំនន់នៅភាគខាង​ជើង និងតំបន់​ភាគ​ឦសាន៕