ខេត្តកណ្ដាល ៖ បុរសម្នាក់នៅពេលមានទំនាស់ជាមួយប្រពន្ធម្ដងៗ តែងតែដើរចេញបាត់ពីផ្ទះ២ឬ៣ថ្ងៃ ទើបត្រលប់ចូលផ្ទះវិញ ហើយធ្វើបែបនេះ ចំនួន៤លើករួចមកហើយ ដោយឡែកលើកចុងក្រោយនេះ បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធម្ដងទៀត រួចក៏ដើរចេញពីផ្ទះបាត់ដូចលើកមុនៗដែរ លុះរយៈពេល៥ថ្ងៃក្រោយមក បានក្លាយជាសាកសពអណ្ដែតទឹកស្រះមួយកន្លែង ក្នុងសភាពហើមស្អុយបាត់ទៅហើយ ។
ករណីនេះ ត្រូវបាននគរបាល និងគ្រូពេទ្យជំនាញពិនិត្យកោសល្យវិច័យសពបញ្ជាក់ថា បុរសនេះស្លាប់ដោយសារលង់ទឹក ពុំមានជាប់ពាក់ព័ន្ធទៅនិងអំពើឃាតកម្មឡើយ។ សាកសពបុរសខាងលើ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ចំណុចស្រះទឹកស្ថិតនៅវាលស្រែក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
បុរសដែលស្លាប់នោះឈ្មោះឡាំ ភានូ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានស្រុកំណើតនៅភូមិចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសព្វខេត្តក្រចេះ ហើយបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ ។
ស្ត្រីឈ្មោះ ហ៊ាង ស៊ីណាត អាយុ៣៥ឆ្នាំ ជាប្រពន្ធសពបានបំភ្លឺប្រាប់នគរបាលថា ប្ដីនាងតែងតែលេងល្បែងតាមអនឡាញ (online) ជាញឹកញាប់ ហើយកាលពី១ខែមុន បានលេងចាញ់អស់ម៉ូតូ ១គ្រឿង ថែមទៀតផង។ ដោយឡែកកន្លងមក នៅពេលឈ្លោះគ្នាជាមួយនាងម្ដងៗ ប្ដីរូបនេះតែងតែដើរចេញពីបន្ទប់ជួល បាត់រយៈពេល២ឬ៣ថ្ងៃ ទើបត្រលប់ចូលផ្ទះវិញ ហើយធ្វើបែបនេះ ចំនួន៤ដងរួចមកហើយ ។
ស្ត្រីជាប្រពន្ធ បាននិយាយបន្តទៀតថា កាលពីវេលាម៉ោងប្រមាណ០៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នាងនិងប្ដីបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ពេលនោះ ប្ដីក៏បានដើរចេញពីបន្ទប់ជួល ហើយបាត់មិនឃើញត្រលប់ចូលបន្ទប់ជួលវិញសោះ។ រហូតដល់វេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ទើបនាងបានទទួលដំណឹងថា មានសពបុរសម្នាក់អណ្ដែតនៅក្នុងទឹកស្រះខាងលើមិនស្គាល់អត្តសញ្ញាណ ទើបនាងទៅមើលក៏ឃើញ និងស្គាល់ថា អ្នកស្លាប់នោះ គឺជាប្ដីរបស់នាង ។
នគរបាល បានប្រាប់ដឹងថា ស្រះទឹកនោះមានទំហំ១៥គុណ៣០ម៉ែត្រ មានទឹកជ្រៅប្រហែល៣ម៉ែត្រ ចំណែកសាកសពមានសភាពហើមស្អុយទៅហើយ ដែលតាមការធ្វើកោសល្យវិច័យរកឃើញថា បុរសនោះស្លាប់ដោយសារលង់ទឹក។ ក្រៅពីនេះ រកមិនឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ បន្ទាប់ពីការពិនិត្យរួចរាល់ នគរបាលបានធ្វើកំណត់ហេតុរួចប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ៕




ចែករំលែកព័តមាននេះ