រាជធានីភ្នំពេញ ៖ កម្លាំងរដ្ឋបាលខណ្ឌដង្កោ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌដង្កោ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ (Scams Online) មួយកន្លែង ដោយឃាត់ខ្លួនជនជាតិបង់ក្លាដែស ចំនួន៧នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ ។
ប្រតិបត្តិការនោះ បានធ្វើឡើងកាលពីវេលារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ២៥ ផ្លូវលេខ៦ក្នុងបុរីឡាយគង់ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងរដ្ឋបាលខណ្ឌដង្កោ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានធ្វើការស្រាវជ្រាវ និងចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ (Scams Online) នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ជាប់ជាប្រចាំតាមដូចភ្លៀងរលឹម ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា ជាក់ស្ដែងនៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចខាងលើដោយមានការ សម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបទីតាំងសង្ស័យ Scams Online ខាងលើ ដោយឃាត់ខ្លួនជនជាតិបង់ក្លាដែស ចំនួន៧នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមានកុំព្យូទ័រ Laptob ចំនួន០៣គ្រឿង, ទូរសព្ទដៃចំនួន១៣គ្រឿង និងដុំ WIFI ០១គ្រឿង។ បន្ទាប់មកជនសង្ស័យទាំង០៧នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕













ចែករំលែកព័តមាននេះ