រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់ បានទាញកាំភ្លើង AK ភ្ជង់ប្រពន្ធ និងបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីប្រពន្ធណែនាំ និងហាមកុំឲ្យផឹកស្រា។ ការបាញ់សម្លាប់ខ្លួននេះ ត្រូវគេសង្ស័យថា ដោយសារតែមន្ត្រីនគរបាលរូបនោះ លង់នឹងល្បែង ជំពាក់គេ ហើយប្រពន្ធហាមមិនឲ្យផឹកស្រាទៀត ក៏ផ្ទុះកំហឹង និងតូចចិត្តគិតខ្លី បាញ់សម្លាប់ខ្លួនឯងតែម្ដង ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ចំណុចនៅយានដ្ឋានជួសជុលរថយន្តមួយកន្លែង ផ្ទះលេខ៣០៣ ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលដែលគិតខ្លី រូបនោះ ឈ្មោះ សេង ណាឃីម ភេទប្រុស អាយុ៣០ឆ្នាំ ឋានន្តរស័ក្តិអនុសេនីយ៍ទោ ជាមន្ត្រីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមព័ត៌មានបានឲ្យដឹងថា មន្ត្រីនគរបាលរូបនោះ បានបាញ់សម្លាប់ខ្លួន នឹងកាំភ្លើងម៉ាក AK ចំក្បាលខាងស្ដាំ
ធ្លាយទៅខាងឆ្វេង ហើយដេកស្លាប់នៅបន្ទប់ជាន់ទី១ ។ ការបាញ់សម្លាប់ខ្លួននេះ ត្រូវបានគេទម្លាយឲ្យដឹងថា ដោយសារតែលង់នឹងល្បែង ហើយខឹងនឹងប្រពន្ធ ហាមផឹកស្រា ក៏តូចចិត្តគិតខ្លីបាញ់សម្លាប់ខ្លួនឯងតែម្ដង ។
បើតាមស្ត្រីជាប្រពន្ធ បានបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថា ខ្លួន និងប្ដីបានរៀបការរស់នៅជាមួយគ្នា រយៈពេលជាង៦ឆ្នាំមកហើយ។រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្ដីបានលង់នឹងល្បែងនៅកាស៊ីណូ ជំពាក់គេជាច្រើន និងអស់លុយពីខ្លួន ប្រមាណជាង៥០ម៉ឺនដុល្លាអាមេរិក ។
ស្ត្រីជាប្រពន្ធ បានឲ្យដឹងទៀតថា នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ប្ដីបានចេញទៅផឹក នៅក្រៅ រហូតដល់វេលារំលងអធ្រាត្រក៏ត្រឡប់មកផ្ទះវិញ រួចក៏បន្តផឹករហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែកញ្ញានេះ ទើបអស់ស្រា ហើយប្រុងទិញស្រាមកផឹកទៀត ។
ស្ត្រីជាប្រពន្ធបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ដោយសារតែប្ដី ចង់ទិញស្រាផឹកបន្តទៀត ខ្លួនក៏បានស្ដីបន្ទោស និងហាមឃាត់ ។ ខណៈនោះ ប្តីខឹង បានយកកាំភ្លើង AK មកភ្ជង់ ហើយនាងស្រែកហៅម្តាយ ទើបប្ដី បានទាញកាំភ្លើង បាញ់សម្លាប់ខ្លួនឯងតែម្តង ។ បន្ទាប់ពីភ្ញាក់ផ្អើល នគរបាលមូលដ្ឋាន ក៏បានចុះទៅកន្លែងកើតហេតុ ហើយទាក់ទងទៅនគរបាលជំនាញ ដើម្បីត្រួតពិនិត្យ ។
តាមការត្រួតពិនិត្យសព មានស្នាមគ្រាប់ចូលនៅក្បាលចំហៀងខាងស្ដាំ បែកលលាដ៏ ទៅធ្លាយចេញនៅក្បាលចំហៀងខាងឆ្វេង។
លោកវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យ អមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា មន្ត្រីនគរបាលរូបនោះ ស្លាប់ដោយសារធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ៕ ដោយ ៖ ម៉េង ធា





ចែករំលែកព័តមាននេះ