ប្រទេសអាល្លឺម៉ង់ ៖ សារព័ត៌មានបរទេសជាច្រើន ក្នុងនោះ មានទូរទស្សន៍អាល្លឺម៉ង់ DW និងកាសែតញូវយ៉កប៉ុស្តិ៍គូសបញ្ជាក់ថា យន្តហោះយោធាអាមេរិកមួយគ្រឿងធុនF-16បានធ្លាក់ កាលពីថ្ងៃទី២២កញ្ញា នៅក្បែរមូលដ្ឋានយោធាអាមេរិកPANGDAHLEM ភាគខាងលិចអាល្លឺម៉ង់ ។

អ្នកនាំពាក្យម្នាក់នៃមូលដ្ឋាយោធានោះអះអាងប្រាប់សារព័ត៌មានអាមេរិកថា អ្នកបើកយន្តហោះនោះ អាចលោតចេញតាមឆ័ត្រយោង ហើយត្រូវបានជួយសង្គ្រោះ ។ កាលពីឆ្នាំ២០១៩ យន្តហោះប្រដេញធុនF-16មួយគ្រឿង ធ្លាប់ធ្លាក់រួចហើយ ពេលហោះហើរហ្វឹកហ្វឺនក្រោយហោះចេញពីមូលដ្ឋានយោធាអាមេរិកនោះដែរ ។ អ្នកបើកពេលនោះ ក៏អាចលោតចេញទាន់ពីយន្តហោះដែរ ដោយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។
មុននេះ គឺកាលពីថ្ងៃទី១៧ កញ្ញា យន្តហោះប្រយុទ្ធអាមេរិកធុនF-16មួយគ្រឿង បានធ្លាក់នៅភាគខាងជើងរដ្ឋមីជីហ្គេន ក្នុងឱកាសនៃបេសកកម្មហ្វឹកហ្វឺនមួយ។ យន្តហោះនោះបានធ្លាក់នៅBLAIR TWONSHIP ចម្ងាយ៣០៥គីឡូម៉ែត្រខាងជើងក្រុងDETROIT ។ អ្នកបើកអាចលោតចេញទាន់ពេលពីយន្តហោះ ដែលជារបស់កងឆ្មាំអាកាសជាតិនៃរដ្ឋតិចសាស់ ៕

ចែករំលែកព័តមាននេះ