សង្គ្រាមអ៉ីរ៉ង់ ៖ តម្លៃប្រេងបានធ្លាក់ចុះវិញ កាលពីថ្ងៃទី២៣ កញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ប្រកាសថាតំណាងអាមេរិក និងអ៉ីរ៉ង់ បានជួបពិភាក្សាគ្នា ដោយស្ថាបនាបំផុតនៅអ.ស.ប ។ ម្យ៉ាងវិញទៀត ព័ត៌មាននានាពីការដាក់ដំណើរការវិញ បំពង់បង្ហូរប្រេងចម្បងមួយ នៅអារ៉ាប៊ីសាអូឌីត ក៏រួមចំណែកដល់ការធ្លាក់ចុះវិញនៃតម្លៃប្រេងឆៅដែរ ។

ប្រេងឆៅ BRENT បានធ្លាក់មកនៅត្រឹម៩៨,៤១ដុល្លារក្នុង១ធុង នាព្រឹកថ្ងៃទី២៣ កញ្ញា នៅអឹរ៉ុប ។ ចំណែកប្រេងឆៅអាមេរិកWTI ធ្លាក់មកនៅត្រឹម៩៥,២១ដុល្លារក្នុង១ធុង ។ ប្រេងឆៅBRENT បានឡើងថ្លៃច្រើនលើកលើសពី១០០ដុល្លារក្នុង១ធុង តាំងពីចាប់ផ្ដើមសង្គ្រាមនៅមជ្ឈឹមបូព៌ាពីខែកម្ភៈមក ។
លោកត្រាំថ្លែងទៅកាន់ក្រុមអ្នកកាសែតនាឱកាសជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេឡេនស្គីថា ការជួបពិភាក្សាគ្នា៣ម៉ោង ប្រព្រឹត្តទៅដោយល្អបំផុត និងស្ថាបនាបំផុត ។ លោកបន្តថា ការជួបគ្នាមួយទៀតគ្រោងធ្វើនាពេលខាងមុខនេះ ។
សេចក្ដីថ្លែងការណ៍នោះធ្វើឡើងប៉ុ់ន្មានម៉ោង បន្ទាប់ពីលោកត្រាំអះអាងនៅមុខអ.ស.បថា លោកប្រឈមមុខនឹងការសម្រេចចិត្តធំមួយ គឺចុះហត្ថលេខាជាមួយអ៉ីរ៉ង់លើកិច្ចព្រមព្រៀងមួយ ឬកម្ទេចអ៉ីរ៉ង់ ហើយរឿងនោះ ត្រូវធ្វើដោយឆាប់រហ័សបំផុត ។
ជម្លោះរវាងអាមេរិក និងអ៉ីរ៉ង់ ត្រូវស្ថិតក្នុងភាពទាល់ច្រក ។
អ៉ីរ៉ង់នៅតែរក្សាការបិទខ្ទប់ច្រកសមុទ្រហ័រមូស ចំណែកអាមេរិកក៏នៅតែបិទខ្ទប់កំពង់ផែអ៉ីរ៉ង ។ ការប្រយុទ្ធគ្នានៅយេម៉ែនរវាងកងទ័ពរដ្ឋាភិបាលគាំទ្រ ដោយអារ៉ាប៊ិសាអូឌីត និងពួកហ៊ូធីគាំទ្រ ដោយអ៉ីរ៉ង់ក៏ធ្វើឲ្យស្ទះផងដែរ ដល់ការនាំចេញថាមពលកាត់តាមសមុទ្រក្រហម ៕

ចែករំលែកព័តមាននេះ