ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ដែលបានប្រព្រឹត្តអំពើចោរកម្ម និងប្រើអំពើហិង្សាទៅលើជនរងគ្រោះ ត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលិសឆែកឆេរលំនៅឋាន ដោយមានការដឹកនាំបញ្ជាពីលោកព្រះរាជអាជ្ញារងផាន់ ភីរម្យ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៩ សីហា ឆ្នាំ២០១១ នៅចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
តាមព័ត៌មានពីលោកវរសេនីយ៍ឯកឆេន ឈួត ស្នងការរងទទួលបន្ទុកប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌បានឱ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួននេះម្នាក់ឈ្មោះឈឿត យុទ្ធា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ ។ ជននេះបានធ្វើសកម្មភាពគាស់បង្អូចផ្ទះជនរងគ្រោះឈ្មោះប្លង់ ឃាវិន ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិជាមួយជនល្មើសលួចយកម៉ូតូម៉ាកវីវ៉ា ឆ្នាំ២០១១ ពណ៌ខ្មៅ១គ្រឿង និងចាប់ឃាត់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះភូ វ៉ាន់ណារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិខាងលើជាមួយគ្នា។ ក្នុងករណីឆែកឆេរលំនៅឋាននេះសមត្ថកិច្ចដកហូតបានដើមកញ្ឆាចំនួន១១ដើម ម៉ូតូម៉ាកហុងដាឌ្រីមធុន C125 ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅមួយគ្រឿង។ ប្រភពបានបន្តថា ជនល្មើសពេលធ្វើសកម្មភាពត្រូវម្ចាស់ផ្ទះដឹងទាន់ ហើយប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ។
លោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការនគរបាលខេត្តមានប្រសាសន៍ថា ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតជុំវិញករណីខាងលើ រួមទាំងមានការចង្អុលបង្ហាញពីស្ត្រីម្ចាស់ផ្ទះរួចមកជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗរួមទាំងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្តផ្តន្ទាទោសតាមច្បាប់៕
ចែករំលែកព័តមាននេះ