ឃាត់ខ្លួនបុរសម្នាក់ ក្រោយបង្កហេតុយកដុំថ្ម និងកំណាត់ឈើគ.ប់រថយន្ត ម៉ូតូអ្នកដំណើរតាមដងផ្លូវ
- ក្រចេះ
ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពយកដុំថ្ម និងកំណាត់ឫស្សីគប់ទៅលើរថយន្ត-ម៉ូតូអ្នកដំណើរតាមផ្លូវ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងចាប់ខ្លួន ក្រោយពីវីដេអូសកម្មភាពល្មើសត្រូវបានចែកចាយព្រោងព្រាតនៅលើបណ្តាញសង្គម។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកឆ្លូង បានបញ្ជាក់ឱ្យដឹងថា ករណីបង្កការខូចខាតទ្រព្យសម្បត្តិឯកជនដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៤៤នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខផ្សារត្នោត ស្ថិតក្នុងភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
ក្នុងហេតុការណ៍នោះ ជនដៃដល់បានប្រើប្រាស់ដុំថ្ម និងកំណាត់ឈើគប់សំដៅលើរថយន្ត និងម៉ូតូរបស់អ្នកដំណើរ ដែលកំពុងបើកបរឆ្លងកាត់តំបន់ផ្លូវខាងលើ។ លុះឈានចូលដល់ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៧និង០០នាទី បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈបណ្តាញសង្គមហ្វេសប៊ុក (Facebook) ពីគណនីឈ្មោះ «Khiev Sovisal» ដែលបានបង្ហោះវីដេអូពីសកម្មភាពជនសង្ស័យគប់កញ្ចក់រថយន្តរបស់ខ្លួន ក្រុមការងារជំនាញនៃអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីបើកការស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្លេះ លីសៀត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅដ្ឋាននៅភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ នាំមកសាកសួរ។
ក្នុងការសួរចម្លើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះបានសារភាពទទួលស្គាល់កំហុសថា ខ្លួនពិតជាបានយកទាំងដុំថ្ម និងកំណាត់ឫស្សីទៅគប់ទៅលើកញ្ចក់រថយន្ត និងម៉ូតូរបស់អ្នកដំណើរជាច្រើនគ្រឿងទៀតនៅចំណុចកើតហេតុខាងលើប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកឆ្លូង បញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី៕


ចែករំលែកព័តមាននេះ