រាជធានីភ្នំពេញ ៖ ចោរស្ទាវ ១ក្រុម ប្រដាប់ដោយចម្ពាមកៅស៊ូ និងកាំបិតបុ័ងតោ បានធ្វើសកម្មភាពបាញ់ទៅលើក្មេងប្រុសជំទង់ម្នាក់ប្លន់យកបានម៉ូតូ១គ្រឿង រួចនាំគ្នាជិះគេចខ្លួនបាត់ ប៉ុន្តែបានរយៈពេលជាង១០ម៉ោងក្រោយមក ក៏អស់លក្ខណ៍ ក្រោមកណ្ដាប់ដៃនគរបាលខណ្ឌដង្កោ ដោយបានតាមចាប់ខ្លួនដល់ខេត្តកំពង់ចាមបាន៣នាក់ ព្រមទាំងរឹបអូសយកបានម៉ូតូប្រគល់ជូនជនរងគ្រោះវិញ ផងដែរ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០៣និង៥០នាទីទៀបភ្លឺថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវលេខ២១៧ ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យ ដែលត្រូវនគរបាលឃាត់ខ្លួនទាំង០៣នាក់នោះ រួមមាន ៖
១.ឈ្មោះចន្ទី សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនអីវាន់ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
២.ឈ្មោះឃីម រាក់ ភេទប្រុស អាយុ១៨ឆ្នាំ ។
៣.ឈ្មោ៖ប៉ាត សំណាង ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង២នេះមានមុខរបរជាអ្នកដឹកជញ្ជូនអីវាន់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដោយឡែក ក្មេងប្រុសជំទង់ជនរងគ្រោះឈ្មោះ ម៉ូវ គីនីន អាយុ១៦ឆ្នាំ មុខរបរកម្មករឃ្លាំងការ៉ូ ស្នាក់នៅផ្ទះជួលភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រងរបួសខ្នងដោយសារគ្រាប់ចម្ពាមៅកៅស៊ូរបស់ក្រុមចោរខាងលើ។ រីឯម៉ូតូ ដែលក្រុមចោរប្លន់យកទៅនោះម៉ាក HONDA SCOOPY ព៍ណខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1LW-0886 ដោយក្មេងប្រុសរងគ្រោះបានខ្ចីពីយុវជនម្នាក់ឈ្មោះពុំ ចាន់នុត អាយុ១៩ឆ្នាំ មុខរបរកម្មករឃ្លាំងការ៉ូជាមួយគ្នា ស្នាក់នៅផ្ទះជួលក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ខណៈពេលឃាត់ខ្លួន ក្រុមចោរកម្លាំងនគរបាលបានដកហូតម៉ូតូ ដែលក្រុមចោរប្លន់បាននោះប្រគល់ជូនម្ចាស់វិញហើយ ក្រៅពីនេះ ក៏ដកហូតម៉ូតូ១គ្រឿងទៀតម៉ាក HONDA DREAM សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង1Q-3492 , កាំបិត បុ័ងតោ០១, ទូរសព្ទដៃម៉ាក iPhone ចំនួន០២គ្រឿង ដែលជាររបស់ចោរផងដែរ ។
នគរបាលបានប្រាប់ថា កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្មេងប្រុសជំទង់ឈ្មោះម៉ូវ គីនីន បានខ្ចីម៉ូតូហុងដាស្កូបពី ពីយុវជនឈ្មោះពុំ ចាន់នុត ដែលជាកម្មករធ្វើការជាមួយគ្នាដើម្បីជិះ ខណៈនោះយុវជនពុំ ចាន់នុត ក៏បានយល់ព្រមឲ្យខ្ចីហើយក្មេងប្រុសរូបនោះក៏បានជិះចេញឃ្លាំងការ៉ូបាត់ទៅ។ លុះដល់វេលាម៉ោង០៤ជិតភ្លឺថ្ងៃខែឆ្នាំដដែល ស្រាប់តែក្មេងប្រុសឈ្មោះ ម៉ូវ គីនីន បានទូរសព្ទប្រាប់យុវជន ពុំ ចាន់នុត ថា «មានក្រុមជនសង្ស័យ១ក្រុមមានគ្នាប្រមាណ២០នាក់ និងជិះម៉ូតូប្រមាណ១០គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូដេញតាម និងយកចម្ពាមកៅស៊ូ បាញ់ខ្លួនត្រូវចំខ្នងផ្នែកខាងស្តាំ បណ្តាលឱ្យដួលរួចប្លន់យកម៉ូតូទៅបាត់ហើយ» ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្មេងប្រុសរូបនោះក៏បានប្រាប់ម្ចាស់ម៉ូតូតាមទូរសព្ទទៀតថា ខ្លួនបានជួបហេតុការណ៍ខាងលើកាលពី១០នាទីមុន គឺនៅវេលាម៉ោង០៣និង៥០នាទីទៀបភ្លឺថ្ងៃដដែល នៅតាមផ្លូវលេខ២១៧ ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
បន្ទាប់មកម្ចាស់ម៉ូតូ ក៏បានទៅជួបក្មេងប្រុសរងគ្រោះឈ្មោះ ម៉ូវ គីនីន នៅកន្លែងកើតហេតុខាងលើ ហើយបានឃើញក្មេងប្រុសរូបនោះ រងរបួសលើខ្នងផ្នែកខាងស្តាំ និងដាច់រលាត់លើប្រអប់ដៃខាងឆ្វេងមែន។ ទើបអ្នកទាំង២ បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីរាយការណ៍ប្រាប់នគរបាល និងដាក់ពាក្យបណ្តឹងសុំឱ្យជួយស្រាវជ្រាវរកជនសង្ស័យ ។
នគរបាល បានប្រាប់ឲ្យដឹងបន្ថែមទៀតថា លុះដល់វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែល កម្លាំងនគរបាលខណ្ឌដង្កោបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស ខេត្តកំពង់ចាម ធ្វើការស្រាវជ្រាវ។ ក្រោយមកឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នោះ ព្រមទាំងដកហូតវត្ថុតាងខាងលើ នៅត្រង់ចំណុចបឹងឈូកស្ថិនៅតាមផ្លូវលំ ភូមិគកក្របី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម រួចបាននាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕




ចែករំលែកព័តមាននេះ