ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋភូមិព្រែកទប់ជាង១០០នាក់ បានធ្វើការតវ៉ារបស់ខ្លួនជាបន្តទៀត នៅឯមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១២ សីហា ២០១១ ប្រយោជន៍ទាមទារឱ្យអាជ្ញាធរធ្វើប្លង់កម្មសិទ្ធិដីធ្លីដល់ពួកគាត់តាមទំហំដីជាក់ស្តែង និងមិនព្រមទទួលយកឡើយ ចំពោះការផ្តល់ដីទំហំ៤,៥០ម៉ែត្រគុណនឹង២២ម៉ែត្ររបស់អាជ្ញាធរ។
ការតវ៉ា២ថ្ងៃហើយមិនទាន់មានដំណោះស្រាយនៅឡើយទេ ក្រុមប្រជាពលរដ្ឋនៅថ្ងៃនេះបានដើរជាក្បួននៅតាមដងវិថីនានាក្នុងក្រុងចេញពីកន្លែងមួយឆ្ពោះទៅកន្លែងមួយដោយមានសមត្ថកិច្ចតាមឃ្លាំមើលសកម្មភាព និងរៀបចំសណ្តាប់ធ្នាប់ ។
គួររំលឹកឡើងវិញថា ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បានជួបជុំគ្នាធ្វើការតវ៉ាបិទផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ សីហា ២០១១ នៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខាងកើតផ្សារឃ្លាំងលើ ក្បែរសាលាបឋមសិក្សា-អនុវិទ្យាល័យហ៊ុន សែន ឃ្លាំងលើ ប្រយោជន៍ដើម្បីទាមទារឱ្យអាជ្ញាធរធ្វើប័ណ្ណកម្មសិទ្ធិលើដីធ្លីដែលពួកគាត់ធ្លាប់រស់នៅទំហំប៉ុនណា គឺធ្វើប៉ុណ្ណឹង ចំណែកផ្ទៃដីទំហំ៤ម៉ែត្រគុណនឹង២២ម៉ែត្រ ដែលអាជ្ញាធរប្រគល់ឱ្យក្នុង១គ្រួសារ ស្ថិតនៅភូមិព្រែកទប់ សង្កាត់លេខ៣ ខេត្តព្រះសីហនុ នោះ គឺពួកគាត់ មិនព្រមទទួលទេ។
សូមបញ្ជាក់ថា អ្នកភូមិតំបន់ព្រែកទប់ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានអាជ្ញាធរតម្រូវឱ្យរុះរើផ្ទះសម្បែងចេញពីមាត់ទឹកចម្ងាយ១០០ម៉ែត្រ ដើម្បីអាជ្ញាធររៀបចំបរិស្ថានឱ្យល្អប្រសើរនៅរង្វង់ជុំវិញផ្ទៃបឹង និងឈានទៅប្រែក្លាយព្រែកទប់នេះ ជាតំបន់រមណីយដ្ឋានប្រណីតមួយទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ រកចំណូលថវិការដ្ឋ។ ចំណែកប្រជាពលរដ្ឋមិនព្រមចាកចេញទៅតាមចម្ងាយ១០០ម៉ែត្រនោះទេ គឺសុំត្រឹម២០ម៉ែត្រ ពីមាត់បឹង ព្រោះទីនោះពួកគាត់រស់នៅយូរយារមកហើយ ម្នាក់ៗតចៅទៅហើយ ៕
ចែករំលែកព័តមាននេះ