ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ណា​ដា​អះអាង​ថា ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ហ្វី​លី​ពី​ន និង​អាស៊ាន សម្រេច​បាន ៩០% ហើយ

2 ខែ មុន

ប្រទេស​ហ្វី​លី​ពី​ន ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កា​ណា​ដា លោក Maninder Sidhu នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៦ បាន​ថ្លែង​ថា ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​ប្រទេស​ហ្វី​លី​ពី​ន និង​អាស៊ាន សម្រេច​បាន​ច្រើន​ជាង ៩០% ហើយ ដោយ​ទីក្រុង​អូ​តា​វ៉ា​កំពុង​ជំរុញ​ឱ្យ​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ រួចរាល់​នៅ​មុន​ពេល​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក Mark Carney អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន នា​ខែវិច្ឆិកា​ខាង​មុខ​។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ការ​ជំរុញ​ពាណិជ្ជកម្ម​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូលំទូលាយ​របស់​កា​ណា​ដា ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពង្រឹង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ខណៈ​ពេល​ដែល​ភាព​មិន​ប្រាកដប្រជា​ជា​សកល​កំពុង​កើនឡើង​។

ថ្លែងប្រាប់ Reuters នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​នៅ​ទីក្រុង​ម៉ានីល លោក Sidhu បាន​និយាយ​ថា ការ​ជំរុញ​របស់​កា​ណា​ដា​ក្នុង​ការ​រឹតចំណង​ទាក់ទង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​អាស៊ី​អាគ្នេយ៍ មិនមែន​សំដៅលើ​ប្រទេស​ណាមួយ​ទេ ហើយ​ក៏​មិនមែន​ជំរុញ​ចម្បង​ដោយ​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​នោះ​ដែរ ប៉ុន្តែ ថាមពល គឺជា​ការ​ផ្តល់​ជូន​ដ៏​ធំ​បំផុត​របស់​ប្រទេស​កា​ណា​ដា​។

ត្រង់​ចំណុច​នេះ លោក​បាន​ចង្អុលបង្ហាញ​ពី​សមត្ថភាព​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ដែល​កំពុង​កើនឡើង​របស់​កា​ណា​ដា ខណៈ​ពេល​សេដ្ឋកិច្ច​ក្នុង​តំបន់​កំពុង​ស្វែងរក​ការ​ធ្វើ​ពិពិធ​កម្ម​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​ការពារ​ខ្លួន​ពី​ការ​រំខាន​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​។ កា​ណា​ដា​មាន​ច្រើន​ជាង ៥ គម្រោង​ទាក់ទង​នឹង​ឧស្ម័ន​ធម្មជាតិ​រាវ នៅ​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ផ្សេង​ៗ​គ្នា លើ​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​របស់​ខ្លួន ដែល​ទាំង​អស់នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ផ្គត់ផ្គង់​ដល់ទី​ផ្សារ​អាស៊ី​។

សេដ្ឋកិច្ច​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ភាគច្រើន​ពឹងផ្អែក​លើ​ប្រេងឥន្ធនៈ​នាំ​ចូល បាន​និង​កំពុង​តែ​ប្រឈម​មុខការ​កើនឡើង​ថ្លៃ​ថាមពល និង​ការ​ព្រួយបារម្ភ​អំពី​ការ​ផ្គត់ផ្គង់ ដោយ​សារ​តែ​ការ​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​តាម​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ដែល​ជា​ផ្លូវ​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​ប្រេង និង​ឧស្ម័ន​សកល​។ ដូច្នេះ​កា​ណា​ដា​អាច​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ស្ថិរភាព​តម្លៃ​ថាមពល និង​ពង្រឹង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ទាំងនោះ​។

លោក​បន្ថែម​ថា កា​ណា​ដា​បាន​ប្ដេជ្ញា​ចិត្ត​ផ្ដល់​មូលនិធិ​ដើម្បី​គាំទ្រ​ដល់​ច្រករបៀង​សេដ្ឋកិច្ច Luzon ដែល​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដ៏​សំខាន់​មួយ​នៅ​លើ​កោះធំ​បំផុត​របស់​ហ្វី​លី​ពី​ន ហើយ​ក៏​មើលឃើញ​ពី​ឱកាស​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ថាមពល មជ្ឈមណ្ឌល​ទិន្នន័យ និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ផង​ដែរ​៕