ករណីហិ.ង្សានៅតារាងបាល់ទាត់ សង្កាត់កោះដាច់ ក្រុមគ្រួសារជនបង្កបានចូលខ្លួនមកដោះស្រាយហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមគ្រួសារជនដែលបង្កហិង្សានៅតារាងបាល់ទាត់សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានចូលខ្លួនមកអធិការដ្ឋានខណ្ឌ ដើម្បីសម្របសម្រួលនិងដោះស្រាយបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ ។
តាមប្រភពពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីហិង្សានៅតារាងបាល់ទាត់សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ គ្រួសារជនបង្កនិងគ្រួសារជនរងគ្រោះ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានចូលមកអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីដោះស្រាយ ។
ក្រោយសមត្ថកិច្ចសួរនាំភាគីទាំងពីររួចហើយ បន្ទាប់មកភាគីទាំងពីរបានសំណូមពរស្នើសុំសមត្ថកិច្ចសម្របសម្រួលដោះស្រាយបញ្ចប់ក្រៅប្រព័ន្ធតុលាការជាស្ថាពរ ។ ភាគីទាំងពីរមានការយោគយល់អធ្យាស្រ័យគ្នា ដោយខាងភាគីជនរងគ្រោះសុំដកពាក្យបណ្តឹងវិញ ។ ចំណែកភាគីគ្រួសារជនបង្កធានាដោះស្រាយចេញថ្លៃព្យាបាលរបួសជូនចំពោះជនរងគ្រោះ ។
ក្រុមគ្រួសារទាំងពីរក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ ផ្តល់ឱកាសឲ្យមានការសម្របសម្រួលដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធី។
គួរបញ្ជាក់ថា បន្ទាប់ពីមានការបង្ហោះចែកចាយនៅក្នុងបណ្ដាញសង្គមនិងទទូចពីក្រុមគ្រួសារជនរងគ្រោះស្នើសុំអោយសមត្ថកិច្ចជួយរកយុត្តិធម៌ស្រាវជ្រាវរកជនដែលបង្កហិង្សា ក្រោយពីមានទំនាស់គ្នានៅតារាងបាលទាត់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាទៅស្នងការរងទទួលផែនព្រហ្មទណ្ឌ ដើម្បីធ្វើការស្រាវជ្រាវនាំជនបង្កមកចាត់ការតាមច្បាប់។
ករណីអំពើហិង្សាខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥និង៤០នាទីល្ងាច បន្ទាប់ពីមានទំនាស់ពាក្យសម្ដីគ្នានៅពេលលេងទាត់បាល់នៅចំណុចតារាងបាល់ទាត់វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ ដែលស្ថិតនៅ ផ្លូវបេតុងភូមិល្វា សង្កាត់កោះដាច់នខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ទាក់ទិនអំពើហិង្សានេះត្រូវគេដឹងថា បន្ទាប់ពីមានទំនាស់ពាក្យសម្ដីគ្នារវាងអ្នកលេងបាល់ទាត់ពីរក្រុម ស្រាប់តែជនដៃដល់ជាបក្ខពួក ដែលនៅខាងក្រៅបានស្ទុះទៅវាយជនរងគ្រោះមួយដៃបណ្តាលអោយដួលសន្លប់តែម្ដង។
ជនរងគ្រោះ ឈ្មោះ ធី សុគន្ធា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកោះតូច សង្កាត់កោះឧកញ៉ាតីក្រុងអរិយក្សត្រ ខេត្តកណ្តាល បានរងរបួសចំភ្នែកខាងស្តាំ។
ក្រោយពេលកើតហេតុ ជនបង្កបានគេចខ្លួនបាត់ ហើយនៅពេលនេះ ត្រូវបានក្រុមគ្រួសារចូលខ្លួនមកដោះស្រាយសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងហើយ៕



ចែករំលែកព័តមាននេះ