អារ៉ាប៊ីសាអូឌីត-យេម៉ែន ៖ ជាដំបូងហើយដែលអ្នកទទួលខុសត្រូវជាន់ខ្ពស់តួកគីមួយរូប លើកឡើងជាសាធារណៈពីលទ្ធភាពរបស់ក្រុងអង់ការ៉ាចូលរួមក្នុងជម្លោះរវាងពួកហ៊ូធីយេម៉ែន និងអារ៉ាប៊ីសាអូឌីត ក្នុងនាមជាប្រទេស៣សមាជិកសន្ធិសញ្ញាក្រុងឡាម៉ិក ។

តើតួកគីត្រៀមធ្វើអ្វីខ្លះ ក្នុងពេលដែលចាប់តាំងពីច្រើនសប្ដាហ៍មកហើយ ពួកហ៊ូធីវាយប្រហារលើបណ្ដាទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធអារ៉ាប៊ីសាអូឌីត? រដ្ឋមន្ត្រីការបរទេសតួកគី លោកហាកានហ្វីដាន មិនបានឆ្លើយចំៗដល់សំណួរនោះទេ តែឱ្យដឹងថា តួកគីមិនអាចអោបដៃនៅស្ងៀមបានឡើយ ។ យើងឃើញការវាយប្រហារធ្ងន់ធ្ងរបំផុត ប្រឆាំងបូរណភាពដែនដី អធិបតេយ្យភាពនិងបណ្ដាហេដ្ឋារចនាសម្ព័ន្ធរបស់អារ៉ាប៊ីសាអូឌីត ។ កិច្ចព្រមព្រៀងរបស់យើងចែងថា ប្រទេសទាំង៣ មានកាតព្វកិច្ចជួយគ្នាទៅវិញទៅមក ។ ក្នុងឋានៈជាសមាជិករបស់សម្ព័ន្ធភាពក្រុងឡាម៉ិក យើងតាមដានសភាពការណ៍ដោយប្រកិត ។ លោកបន្តថាអារ៉ាប៊ីសាអូឌីត ត្រូវការជំនួយយោធាពិសេសជំនួយខាងបច្ចេកទេស ។
ប៉ាគីស្ថានដែលជាសមាជិកមួយទៀតរបស់ក្រុមសម្ព័ន្ធមិត្តត្រីភាគីនោះ ក៏បានត្រៀមជួយអារ៉ាប៊ីសាអូឌីតដែរ ប្រឈមមុខនឹងការវាយប្រហាររបស់ពួកហ៊ូធី ពិសេស លើរាជធានីរីយ៉ាដ ។ ក្រោយស្ងប់ស្ងាត់ច្រើនខែ ការប្រទូស្តរ៉ាយគ្នា រវាងពួកហ៊ូធី និងអារ៉ាប៊ីសាឌីត បានកម្រើកខ្លាំងឡើងវិញ ពិសេស កាលពីចុងសប្ដាហ៍កន្លងទៅ ជាមួយការវាយប្រហាររបស់ពួកហ៊ូធីលើរាជធានីរីយ៉ាដ។ កាលពីថ្ងៃទី២០ កញ្ញា ស្នូរផ្ទុះខ្លាំងៗ លាន់ឮជិតព្រលានយន្តហោះក្រុងអ័រប៊ីលតំបន់ឃើតឌីស្ថានអ៉ីរ៉ាក់ កន្លែងមានទីតាំងយោធារបស់ក្រុមចម្រុះប្រឆាំងក្រុមរដ្ឋអ៊ិស្លាមនាំមុខដោយអាមេរិក ។
មូលហេតុនៃការផ្ទុះនោះនៅមិនទាន់ដឹងនៅឡើយ។ ពួកហ៊ូធីអះអាងពីការវាយប្រហារប្រឆាំងបណ្ដាទីតាំងរសើប ក្នុងរដ្ឋធានីអារ៉ាប៊ីសាអូឌីត និងប្រឆាំងបណ្ដាទីតាំងរបស់ក្រុមហ៊ុនប្រេងយក្សអារ៉ាប៊ីសាអូឌីត ARAMCO នៅក្រុងយ៉ានប៊ូ ។ ពួកហ៊ូធី ក៏រាយការណ៍ដែរពីការវាយប្រហារតាមអាកាសរបស់អារ៉ាប៊ីសាអូឌីត២៨ លើនៅយេម៉ែន រយៈពេល២៤ម៉ោងចុងក្រោយនេះ ៕

ចែករំលែកព័តមាននេះ