រាជធានីភ្នំពេញ ៖ មានហេតុការណ៍ប្តីកាប់ប្រពន្ធ៤កាំបិតផ្គាក់របួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១១ សីហា នៅភូមិស្រីគ្រងរាជ្យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។ ចំណែកប្តីបន្ទាប់ពីកាប់ប្រពន្ធសន្លប់ហើយបានរត់ទៅយកខ្សែគោចង.កនឹងដើមស្វាយបំណងសម្លាប់ខ្លួន ប៉ុន្តែ ត្រូវគេជួយសង្គ្រោះទាន់ពេលវេលា។
ប្រភពព័ត៌មានពីឈ្មោះលី ជូ ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាឪពុករបស់នារីរងគ្រោះ មានទីលំនៅភូមិកើតហេតុ ខាងលើបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះយឿង កញ្ញា អាយុ២០ឆ្នាំ បានរៀបការជាមួយឈ្មោះភុំ វណ្ណៈ អាយុ២០ឆ្នាំ រយៈពេល២ឆ្នាំមកហើយ ដោយអ្នកទាំងពីរនៅផ្ទះជាប់គ្នា និងត្រូវជាបងប្អូនជីដូនមួយនឹងគ្នាផង ប៉ុន្តែការបានគ្នាជាប្តីប្រពន្ធ នេះ មិនមែនកូនស្រឡាញ់គ្នាទេ គឺដោយសារចាស់ទុំផ្សំផ្គុំឡើងទេ។
ប្រភពព័ត៌មានបន្តថា ចាប់តាំងពីបានគ្នាជាប្តីប្រពន្ធមក ការរស់នៅរបស់ពួកគេមិនសូវចុះសម្រុងនឹងគ្នាទេ ប៉ុន្តែឪពុកម្តាយចេះតែសម្របសម្រួលរហូតមក ហើយជិតមួយខែកន្លងមកនេះ ពីរនាក់ប្តី ប្រពន្ធបានទៅស៊ីឈ្នួលដាំដំឡូងមីនៅឯចំការម៉ុងរិទ្ធី ខេត្តព្រះសីហនុ។ កាលពីថ្ងៃទី១០ សីហា ពួកគេបានឈ្លោះប្រកែកគ្នា ហើយប្តីបានវាយប្រពន្ធរហូតសន្លប់ បន្ទាប់ពីសន្លប់ដឹងខ្លួនវិញ ប្រពន្ធបានជិះរថយន្តតាក់ស៊ីទៅស្រុកកំណើតវិញ ។
លុះថ្ងៃទី១១ សីហា ប្តីក៏ត្រឡប់មកផ្ទះដែរ ហើយពេលឃើញប្រពន្ធក៏សួរថា ទៅណាបាត់មួយយប់ ហើយប្រពន្ធថា នាងសន្លប់ម្តងទៀត ទើបសម្រាកនៅភ្នំពេញមួយយប់។ ឮបែបនេះ ធ្វើឱ្យប្តីផ្ទុះភ្លើងប្រច័ណ្ឌក៏យកកាំបិតផ្គាក់បម្រុងកាប់ តែម្តាយក្មេកចូលទៅឃាត់ បុរសនោះក៏ទាញម្តាយចេញធ្វើឱ្យគាត់ដួលសន្លប់ ហើយម្តាយបង្កើតចូលទៅឃាត់ទៀត ក៏ទាញម្តាយចេញធ្វើឱ្យគាត់ដួលសន្លប់ទៀត រួចយកកាំបិតផ្គាក់កាប់ទៅលើប្រពន្ធមួយកាំបិតចំក្បាល ពីរកាំបិត ចំដៃទាំងសង និងមួយកាំបិតទៀតត្រូវខ្នងរយះដួលសន្លប់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។
បន្ទាប់ពីកាប់ប្រពន្ធសន្លប់ នឹកស្មានថា ស្លាប់ ហើយក៏រត់ទៅយកខ្សែគោចង.កនឹងដើមស្វាយ ប៉ុន្តែពេលនោះបងប្អូនក៏ទៅកាប់មែកស្វាយទម្លាក់មកដី ឃើញបុរសនោះដកចង្កាមាន់ ក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី បានដឹងខ្លួនឡើងវិញ ៕
ចែករំលែកព័តមាននេះ