រាជធានីភ្នំពេញ ៖ នារីម្នាក់ដោយសារតែខឹងសង្សាររបស់នាងក៏លេបថ្នាំងងុយដេកសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចបំណងកាលពីវេលាម៉ោង១១និង៥នាទីយប់ថ្ងៃទី១១ សីហា ២០១១ នៅបន្ទប់ជួលជិតភោជនីយដ្ឋានស្រូវទុំ ស្ថិតនៅប្លុកសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ប្រភពព័ត៌មានបានឱ្យដឹងថា នារីរងគ្រោះឈ្មោះស្រីលក្ខណ៍ ហៅញ៉ាញ់ អាយុ២០ឆ្នាំ មានទីលំនៅផ្សារព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។ នៅយប់ថ្ងៃកើតហេតុ បុរសសង្សារនាងមកពីខេត្តសៀមរាបមកលេងទីក្រុងភ្នំពេញ ហើយបាននាំនាង និងបងស្រីរបស់នាងទៅញ៉ាំអីនៅភោជនីយដ្ឋានស្រូវទុំ ប្លុកសំណង់១២ លុះពេលញ៉ាំអីហើយមិនដឹងជាមានទំនាស់ខ្វែងគំនិតគ្នារឿងអ្វីទេ ស្រាប់តែនាងបានចូលទៅដេកក្នុងបន្ទប់ជួលរបស់បងស្រីនាង នៅជិតភោជនីយដ្ឋានស្រូវទុំ ហើយលេបថ្នាំងងុយដេកអស់ចំនួន២០គ្រាប់ ទើបបងស្រី និងអ្នកនៅជិតបន្ទប់ដឹងបានបញ្ជូននាងទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។
ទាក់ទិននឹងលេបថ្នាំនេះ មូលហេតុពិតប្រាកដរវាងនារីរងគ្រោះ និងសង្សាររបស់នាងយ៉ាងណានោះ មិនទាន់ដឹងនៅឡើយទេ ព្រោះជារឿងផ្ទៃក្នុងរបស់គ្រួសារគេ មានតែភាគីទាំងពីរទេជាអ្នកដឹងរឿងពិត។
គ្រូពេទ្យបានសួរបងស្រីរបស់នារីរងគ្រោះ បានថ្នាំងងុយដេកមកពីណាច្រើនម៉្លេះ ព្រោះជាធម្មតាថ្នាំងងុយដេកពេទ្យមិនដែលលក់ឱ្យច្រើនទេ លក់ម្តងយ៉ាងច្រើន២គ្រាប់ប៉ុណ្ណោះ ហេតុម៉េចបាននាងមានថ្នាំនេះច្រើនម៉្លេះ? បងស្រីរបស់នាងប្រាប់ថា មិនដឹងទេ ព្រោះនាងទៅខេត្តសៀមរាប ទើបនឹងមកដល់ មិនដឹងជានាងទិញមកពីណាទេ?
ចែករំលែកព័តមាននេះ