ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាវឃាត់ខ្លួនជនសង្ស័យ ១៦៧នាក់ក្នុងការបង្ក្រាបបទល្មើសតាមអនឡាញ នៅពាក់កណ្តាលខែកញ្ញា

9 ម៉ោង មុន

ទីក្រុងវៀងចន្ទន៍៖ អាជ្ញាធរឡាវបានឃាត់ខ្លួនមនុស្ស ១៦៧នាក់ ក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញ និងល្បែងស៊ីសងខុសច្បាប់ចំនួន ៨ករណី នៅទីក្រុងវៀងចន្ទន៍ ក្នុងរយៈពេលពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៦។ នេះបើយោងតាមសារព័ត៌មាន The Laotian Times ចុះផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

ប្រតិបត្តិការចុងក្រោយកាលពីថ្ងៃទី១២ ខែកញ្ញា បានឃាត់ខ្លួនមនុស្ស ១៣នាក់ ក្នុងនោះជនជាតិចិន ១២នាក់ និងជនជាតិឡាវម្នាក់ ព្រមទាំងរឹបអូសឧបករណ៍អេឡិចត្រូនិក កាំភ្លើងខ្លី ២ដើម និងថ្នាំគ្រាប់សង្ស័យជាមេតំហ្វេតាមីន ១,៤៩៤គ្រាប់។ កាលពីថ្ងៃទី៦ ខែកញ្ញា សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស ៤៣នាក់នៅសណ្ឋាគារ Yuzhou Smart Hotel ផងដែរ។

ប្រតិបត្តិការទាំងនេះបានបន្ថែមអ្នកត្រូវបានឃាត់ខ្លួន ៥៨នាក់ ទៅលើមនុស្ស ១០៩នាក់ដែលត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការចំនួន៤ករណីមុននេះនៅដើមខែកញ្ញា។ អាជ្ញាធរបានបញ្ជាក់ថា ការស៊ើបអង្កេតលើបណ្តាញពាក់ព័ន្ធកំពុងបន្ត។

ការបង្ក្រាបនៅទីក្រុងវៀងចន្ទន៍ គឺជាផ្នែកមួយនៃយុទ្ធនាការទូទាំងប្រទេសប្រឆាំងបទល្មើសតាមអនឡាញ ការឆបោកតាមអ៊ីនធឺណិត និងល្បែងស៊ីសងខុសច្បាប់។ ចាប់តាំងពីដើមឆ្នាំ២០២៦ អាជ្ញាធរឡាវបានឃាត់ខ្លួនជនសង្ស័យយ៉ាងហោចណាស់ ៦,២០០នាក់ ពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ៕