ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរស្រុកកំពង់ត្រឡាច ព្រមានបិទការលក់ដូរមុខកងពលលេខ១ បើអាជីវករនៅតែបំពានសណ្តាប់ធ្នាប់ និងអនាម័យ

3 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច បានព្រមាន​ដល់​អាជីវករ​ដែល​លក់ដូរ​នៅ​ទីតាំង​មុខ​កងពល​លេខ​១ (​ចំណុច​ដី​ឡូ​ត៍​​ឈ្មោះ ង៉ូ ហេង​ជុំ និង​ឈ្មោះ ជិន ចាន់​សា​) ស្ថិត​ក្នុងភូមិ​អន្លង់​ត្នោត ឃុំ​ល្វែ​ក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាច​ប្រឈម​មុខ​ផ្អាក​មិន​ឱ្យ​មានការ​លក់ដូរ​នៅ​ទីនោះ​តែ​ម្តង បើសិនជា​មិន​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​។

ចំណាត់ការ​នេះ ​ក្រោយ​ពី​លោក វន ស៊ី​ផា អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់ត្រឡាច នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៦ បាន​ចាត់​ឱ្យ​ក្រុមការងារ​មានលោក សាយ ប៊ុ​ន​ថេ​ង និង​លោក កើ ម៉ាត់ អភិបាលរង​ស្រុក បាន​ដឹកនាំ​កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ និង​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន នៅ​ទីតាំង​ខាងលើ ​។

ដោយ​ក្នុង​នោះ ​ពិនិត្យ​ឃើញ​ថា មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា ៖ កន្លង​មក ​អាជីវករ​ភាគច្រើន​មិន​បាន​វេច​ខ្ចប់​សំរាម ថង់​ប្លា​ស្ទិ​ក ឬ​ដប​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ ​ក្រោយ​ពេល​លក់ដូរ​រួច​ឡើយ​ ។ ខ្វះ​សណ្តាប់ធ្នាប់ ដោយ​ការ​រៀបចំ​តុ គ្រែ និង​តូប​លក់ដូរ​ត្រូវ​បាន​ទុក​ចោល​រញ៉េរញ៉ៃ រំលោភ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ ទោះជា​មានការ​អប់រំ​ណែនាំ​ជា​ច្រើន​លើក​ពី​អាជ្ញាធរ​ឃុំ​-​ភូមិ​ក៏​ដោយ​ ។

អាជ្ញាធរ​ស្រុក​បញ្ជាក់​ថា ទីតាំង​នេះ​​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​បម្រើ​ឱ្យ​កម្មករ​-​កម្មការិនី មុន និង​ក្រោយ​ម៉ោង​ធ្វើការ​ ។ ដូច្នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក ស្នើ​សុំ​ឱ្យ​អាជីវករ​ទាំងអស់​ចូលរួម​សម្អាត​បរិស្ថាន រៀបចំ​តូប និង​វេច​ខ្ចប់​សំរាម​ឱ្យ​បាន​ស្អាតបាត ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព ទាក់ទាញ​អតិថិជន និង​ការពារ​សុខភាព​ទាំងអស់​គ្នា ​។

ប្រ​សិន អាជីវករ​នៅ​តែ​បន្ត​ល្មើស​ ហើយ​មិន​ព្រម​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ អាជ្ញាធរ​និង​ចាត់វិធានការ​ក្តៅ​ផ្អាក​ការ​លក់ដូរ​នៅ​ទីនោះ​តែ​ម្តង ​៕