ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពារពូជត្រីក្នុងរដូវបិទនេសាទ! អាជ្ញាធរខេត្តសៀមរាប ចុះបង្ក្រា.ប និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ក្នុងស្រុកសូទ្រ​និគម និង​ជីក្រែង

52 នាទី មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ ២០២៦ លោក អ៊ឹ​ង គឹ​ម​លាង អភិបាលរង​ខេត្តសៀម​រាប បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ និង​បង្ក្រាប​បទល្មើស​ជល​ផល ​ក្នុងភូមិ​សាស្ដ្រ​ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្តសៀមរាប ដើម្បី​ពង្រឹង​ការ​ការពារ​ធនធាន​ជលផល និង​អភិរក្ស​ពូជ​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​។

ក្នុង​សកម្មភាព​ចុះ​បំពេញបេសកកម្ម​នោះ លោក អ៊ឹ​ង គឹ​ម​លាង អភិបាលរង​ខេត្ត​សៀម​រាប បាន​​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​នេះ ក្រុម​ការងារ​បាន​ធ្វើការ​រុះរើ និង​បំផ្លាញ​ចោល​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់ មាន​លប រ៉ាវ ដាក់​លើស​ប្រវែង​ចំនួន​៥​របាំង​។

ក្នុង​នោះ​បាន​កាប់​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​រួម​មាន​ ក្បាល​លប​ចំនួន ១០​គ្រឿង របាំង​សាច់​អួន​ប្រវែង​៨០០​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន ៣០០​ដើម និង​បាន​ចាក់​លែង​ត្រី​ចម្រុះ​ចំនួន ៣០ គីឡូក្រាម ចូល​ទៅ​ក្នុង​ដែនទឹក​ធម្មជាតិ​វិញ​។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រុមការងារ​ក៏​បាន​ចុះ​ពិនិត្យ​ការ​ធ្វើ​នេសាទ ដោយ​ប្រើប្រាស់​ឧបករណ៍ លប​ណរ (​ឬ​រ៉ាវ​) ដោយ​បាន​ផ្ទៀង​ផ្ទាត់​ឃើញ​ថា ការ​នេសាទ​ទាំងនោះ​ត្រូវ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​បច្ចេកទេស និង​បទ​បញ្ញត្តិ​ច្បាប់​កំណត់​។

លោក​អភិ​បាល​រង​ខេត្ត ក៏​បាន​សម្ដែង​នូវ​ការ​កោត​សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ចម្រុះ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជលផល​ទាំងអស់ ដែល​បាន​ខិត​ខំ​បំពេញភារកិច្ច​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធាន​ជលផល​នា​ពេល​កន្លង​មក​។

ម្យ៉ាងទៀត​ក្នុង​រយៈពេល​កន្លង​មក ដោយ​ការ​ធ្វើ​នេសាទ​ហួស​កម្រិត បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ពូជ​មច្ឆា​នៅ​ក្នុង​បឹង​ទន្លេ​សាទ ដោយ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែលរ​ដ្ខ​បាន​ហាមឃាត់ ទាំង​រដូវ​បិទ​នេសាទ និង​បើក​នេសាទ ។

លោក​បាន​គូសបញ្ជាក់​ថា ការ​ទប់ស្កាត់​បទ​ល្មើស​ក្នុង​រដូវ​ត្រី​ពង​កូន​នេះ គឺ​ជួយ​បង្កើន​ផល​ស្តុក​ត្រី​ឱ្យ​កាន់តែ​សម្បូរ​បែប សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​ប្រជា​នេសាទ​ដែល​ប្រកប​របរ​ស្របច្បាប់ និង​រក្សា​ពូជ​ត្រី​ឱ្យ​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ៕