រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះសំ នី អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះជួលភូមិត្រាច សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវមិត្តភក្តិបោកយកម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AN-9952 ទៅបាត់កាលពីថ្ងៃទី១០ សីហា ២០១១ គួរឱ្យឈឺចាប់ និងស្តាយនូវបំណងល្អដែលខ្លួនខំជួយមិត្តភក្តិ។
សំ នី និយាយថា ដំបូងឡើយ ជួបមិត្តភក្តិនាំកូនដើរស្វែងរកម្តាយ ព្រោះប្រពន្ធវារត់ចោលទៅតាមប្រុសផ្សេង ឃើញដូច្នេះខ្ញុំមានចិត្តអាណិតមិត្តភក្តិណាស់ ហើយសួរវាថា តើប្រពន្ធដែលរត់តាមគេនោះស្នាក់នៅម្តុំណា វាប្រាប់ខ្ញុំថា ប្រពន្ធវានៅជាមួយប្រុសផ្សេងម្តុំមន្ទីរពេទ្យព្រះ កុសុមៈ ហៅមន្ទីរពេទ្យព្រះសង្ឃ ឮដូច្នោះខ្ញុំក៏បានជួយជូនវានិងកូនរបស់វា២នាក់ទៅរកប្រពន្ធរបស់វា ព្រោះវានិយាយថា កូនវាចង់ជួបម្តាយ។
ពេលឌុបវាដល់មុខមន្ទីរពេទ្យព្រះសង្ឃវាប្រាប់ថា ចង់ផឹកកាហ្វេ ឮដូចនោះខ្ញុំក៏ឈប់ម៉ូតូហើយចុះដើរទៅទិញកាហ្វេឱ្យវាផឹក លុះពេលត្រឡប់មកវិញ ស្រាប់តែបាត់ម៉ូតូ ហើយខ្ញុំស្មានថា វាជិះទៅណាមួយភ្លែត ខ្ញុំក៏អង្គុយចាំវារហូតដល់៣ម៉ោង ទើបខ្ញុំដឹងថា វាបោកយកម៉ូតូទៅបាត់ហើយ…ព្រះអើយ… ។ សំ នី បន្តទៀតថា ដឹងច្បាស់ថា វាបោកហើយ ខ្ញុំប្រញាប់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីឱ្យសមត្ថកិច្ចជួយតាមរក និងចាប់ខ្លួនវា ។ ប៉ុន្តែរហូតដល់ថ្ងៃទី១១ សីហា មិនឃើញវាយកម៉ូតូមកឱ្យខ្ញុំវិញសោះ ។ សូមបញ្ជាក់ថា មិត្តភក្តិដែលបោកយកម៉ូតូខ្ញុំទៅបាត់នោះឈ្មោះអាទិត្យ អាយុប្រហែល៣៤ឆ្នាំ គ្មានទីលំនៅពិតប្រាកដទេ ខ្ញុំ និងវាបានស្គាល់គ្នារយៈពេល៣ឆ្នាំហើយ ៕
ចែករំលែកព័តមាននេះ