ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ នៅ​ចំណុច​ជាន់​ទី​២ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ធំ ។

ករណី​អគ្គិភ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៦ ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ផ្សែង​ខ្មៅ​ហុយ​ចេញ​យ៉ាង​ខ្លាំង ព្រមទាំង​មាន​អណ្តាតភ្លើង​ចាប់ផ្តើម​ឆាបឆេះ​ចេញពី​បន្ទប់ដេក​នៅ​ជាន់​ទី​២​។ ដោយសារ​អណ្តាតភ្លើង​ឆេះ​រាលដាល​លឿន​ពេក និង​មាន​សម្ភារៈ​ងាយ​ឆេះ​ជា​ច្រើន ប្រជាពលរដ្ឋ និង​អ្នក​ជិតខាង​មិន​អាច​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​តូច​ៗ​ដើម្បី​ទប់ស្កាត់​ទាន់​ពេលវេលា​នោះ​ឡើយ ទើប​ប្រញាប់ប្រញាល់​រាយការណ៍​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ ដើម្បី​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍ ។

សមត្ថកិច្ច​នគរបាល បាន​បញ្ជាក់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ គេ​ឃើញ​ថា ផ្ទះ​ខាងលើ​ទើបតែ​រៀបចំ​ដេ​គ័​រ ផ្នែក​ខាងក្នុង​រួចរាល់ ដូច្នេះ​ដែល​ទើប​សម្បូរ​ទៅ​ដោយ​ក្តារ​កុង​ផ្លា​កកេ ជា​ហេតុ​បង្ក​ឱ្យ​មាន​ផ្សែងហុយ​យ៉ាង​ខ្លាំង និង​បង្ក​ការ​លំបាក​ដល់​ប្រតិបត្តិការ​បាញ់​ពន្លត់​។ ទោះជា​យ៉ាងណា កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ខិតខំ​ពន្លត់​យ៉ាង​យកចិត្តទុកដាក់ និង​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង ។

អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​បំផ្លាញ​សម្ភារៈ​នៅ​ជាន់​ទី​២ នៃ​ផ្ទះថ្ម​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​ជា​សំណាងល្អ មិន​បាន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​របួស ឬ​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ ។

ក្នុង​ប្រតិបត្តិការ​នេះ មានការ​ចូលរួម​អន្តរាគមន៍​បាញ់​ពន្លត់​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ,​រថយន្ត​ពន្លត់​អគ្គិភ័យ​ជំនួយ​ពី បុរី​ប៉េង​ហួត​, ទីក្រុង​អូ​ឡាំ​ព្យា​, ទីក្រុង​កោះ​ពេជ្រ និង​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ជា​ច្រើន​គ្រឿង រហូត​ភ្លើង​រលត់​ទៅ​វិញ​ជា​ស្ថាពរ ។ ចំពោះ​មូលហេតុ​ពិតប្រាកដ និង​ទំហំ​នៃ​ការ​ខូចខាត​សរុប សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ ៕