បង្ក្រា.បបទល្មើសគ្រឿងញៀ.ន ៦ករណី ឃាត់ខ្លួនជនសង្ស័យជាង ៣០នាក់
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបន្តរឹតបន្តឹងវិធានការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដោយក្នុងប្រតិបត្តិការចុះបង្ក្រាបជាបន្តបន្ទាប់នៅតាមទីតាំងចំនួន ៨ កាលពីថ្ងៃទី១០ និងទី១១ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ៣៤នាក់ ក្នុងនោះមានស្ត្រីម្នាក់។
ប្រតិបត្តិការនេះត្រូវបានអនុវត្តតាមផែនការស្រាវជ្រាវ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន ដោយកម្លាំងជំនាញបានរកឃើញ និងបំបែកមុខសញ្ញាពាក់ព័ន្ធ និងការជួញដូរ ការរក្សាទុក និងការប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ។
ក្នុងចំណោមជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មាន ៣នាក់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ក្នុងនោះមានស្ត្រីម្នាក់ ខណៈម្នាក់ទៀតពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់ ហើយ៣០នាក់ផ្សេងទៀត ត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនខុសច្បាប់។
តាមការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលខេត្ត ការបង្ក្រាបនេះសម្រេចបានចំនួន ៦ករណី ពីគោលដៅសរុប ៨ទីតាំង រកឃើញនិងដកហូតវត្ថុតាងជាសារធាតុញៀន ព្រមទាំងសម្ភារមួយចំនួនដែលមានការពាក់ព័ន្ធនឹងបទល្មើស ដើម្បីធ្វើជាភស្តុតាងសម្រាប់នីតិវិធីបន្ត។
លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនគរបាលជាតិ និងការណែនាំពីអាជ្ញាធរខេត្ត ព្រមទាំងមានការសម្របសម្រួលពីស្ថាប័នអយ្យការពាក់ព័ន្ធ ដើម្បីធានាថាការអនុវត្តច្បាប់ប្រព្រឹត្តទៅតាមនីតិវិធី ៕
លោកស្នងការបានបញ្ជាក់ថា ករណីនេះមិនទាន់បញ្ចប់ត្រឹមការឃាត់ខ្លួនមុខសញ្ញាដែលរកឃើញនោះទេ។ កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធបន្ថែម រួមទាំងបណ្តាញចែកចាយ និងប្រភពផ្គត់ផ្គង់សារធាតុញៀន ដើម្បីចាត់វិធានការតាមច្បាប់ដោយគ្មានការលើកលែង។
ជាមួយគ្នានេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានកោតសរសើរចំពោះកម្លាំងសមត្ថកិច្ចដែលបានចុះអនុវត្តភារកិច្ចយ៉ាងសកម្ម និងទាន់ពេលវេលា។ លោកបានចាត់ទុកការបង្ក្រាបមុខសញ្ញាគ្រឿងញៀនជាបន្តបន្ទាប់ថា ជាផ្នែកមួយសំខាន់ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងកាត់បន្ថយហានិភ័យដែលអាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕



ចែករំលែកព័តមាននេះ