មិនដឹងនាងមកពីណា ប្រាប់គេថា ចុកពោះ ស្មានតែឈឺពោះធម្មតា ក៏យកប្រេងកូឡាឱ្យលាប លុះមួយសន្ទុះឈឺពោះសម្រាលកូន ផ្អើលពលរដ្ឋជួយសង្គ្រោះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មិនដឹងថាមកពីណានោះទេ ស្រាប់តែឈឺពោះសម្រាលកូនកណ្តាលផ្លូវរថភ្លើង បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋរាយការណ៍ជូនរថយន្តសាមុយ មកទទួលយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង៦យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចម្តុំផ្លូវរថភ្លើង ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់មិនដឹងថា ស្ត្រីខាងលើមកពីណានោះទេ បានដើរម្តុំផ្សារផ្លូវរថភ្លើង លុះដល់ចំណុចកើតហេតុ ស្រាប់តែស្ត្រីរូបនោះថា មានអាការៈចុកពោះ ហើយពួកគាត់ខំជួយយកប្រេងកូឡា អោយលាប ស្មានតែឈឺពោះធម្មតា ព្រោះឃើញថា ស្រីរូបនោះទំនងដូចជាមិនមានផ្ទៃពោះ ស្រាប់តែមួយសន្ទុះ ស្រីរូបនោះបានឈឺពោះសម្រាលបានកូនប្រុសម្នាក់ចេញមក ទើបផ្អើលប្រជាពលរដ្ឋនៅទីនោះនាំគ្នាជួយសង្គ្រោះបឋម ក៍ដូចជាអ្នកខ្លះបានរាយការណ៍ហៅរថយន្តសាមុយ ដើម្បីអោយមកទទួលយកស្ត្រីរូបនោះ និងទារក ទៅសង្គ្រោះផងដែរ ។
ក្រោយកើតហេតុ គេបានឃើញរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ចុះមកទទួលយកស្ត្រីខាងលើរួមទាំងទារក ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ៕


ចែករំលែកព័តមាននេះ