ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារមួយកន្លែង កំពុងបើកទទួលភ្ញៀវ ស្រាប់តែ​មាន​ផ្សែងហុយចេញពីពិតានជាប់ម៉ាស៊ីនត្រជាក់ ផ្អើលឆោឡោម្តុំទួលទំពូង

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អគ្គិ​ភ័យ​ឆាបឆេះ​ហាង​បារ​បារាំង​មួយ​កន្លែង​ ម្តុំ​ទួល​ទំពូង ផ្អើល​ប្រជា​ពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គិភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ​ខែកញ្ញា​ ឆ្នាំ​២០២៦ នៅ​​ចំណុច​​ហាង​បារ​បារាំង​មួយ​កន្លែង យីហោ HOMETOWN HANGOUT ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៤៥៤ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹងថា មុនពេលកើតហេតុ ទីតាំង​ហាង​ខាងលើ កំពុង​តែ​បើក​ទទួលភ្ញៀវ​ធម្មតា តែ​ភាគច្រើន​គឺជា​ជនជាតិ​បរទេស លុះដល់​វេលា​ម៉ោង​កើតហេតុ ក៏​ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ផ្នែក​ពិតាន​​ខាងលើ ជាប់​ម៉ាស៊ីនត្រជាក់ ទើប​នាំគ្នា​ឆោឡោ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ដែរ តែមិន​បាត់ផ្សែង ហើយ​ហុយ​រឹតតែ​ខ្លាំង​ទៅ​ៗ ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ និង​សមត្ថកិច្ច​ ដើម្បី​សុំ​ជំនួយ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​អោយ​​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ ។

ករណី​ខាងលើ​នេះ​ បន្តិច​ក្រោយមក ក៍​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​ទៅជួយ​​អន្តរាគមន៍​ជា​ច្រើន​គ្រឿង និង​សហការ​គ្នា​បាញ់​ទឹក​ពន្លត់​រហូត​ដល់​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ​ទើប​​ភ្លើង​រលត់​ទៅ​វិញ ។

ហេតុការណ៍​ខាងលើ​នេះ​ សមត្ថកិច្ច​អោយ​ដឹង​ទៀត​ថា មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ហើយក៏មិន​មានការ​ឆេះ​រាលដាល​ដល់​ផ្ទះ​សម្បែង​​ពលរដ្ឋ​ណា​នោះ​ទេ គឺ​គ្រាន់តែ​ខូច​សម្ភាររួម​​មាន​តុ ពិ​​តាន​ គ្រឿង​អេ​ឡិច​ត្រូ​និក ក៏ដូច​ជា​ឧបករណ៍​តន្ត្រី​អស់​​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ចំពោះ​មូលហេតុ​សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕