កងកម្លាំងសន្តិសុខរាយការណ៍ថា ការវាយប្រហារអត្តឃាតមួយ និងការផ្ទុះគ្រាប់បែកមួយគ្រាប់នៅជិតរថយន្តកាំមីញ៉ុងមួយគ្រឿងរបស់ប៉ូលិសបណ្តាលឱ្យមនុស្សស្លាប់៨នាក់កាលពីថ្ងៃទី១១ សីហា នៅក្រុងប៉េសាវ៉ា ភាគពាយ័ព្យប៉ាគីស្ថាន។
ប៉ូលិស៥នាក់ និងកុមារម្នាក់ស្លាប់ក្នុងការផ្ទុះគ្រាប់បែកមួយគ្រាប់លាក់ក្នុងរទេះរុញមួយពេលរថយន្តកាំមីញ៉ុងប៉ូលិសបើកមកក្បែរ។ ការវាយប្រហារនោះដែលក៏បណ្តាលឱ្យមនុស្ស១៦នាក់ទៀតត្រូវរបួសពុំត្រូវបានប្រកាសទទួលខុសត្រូវដោយក្រុមណាមួយនៅឡើយ។ មួយម៉ោងក្រោយមកនៅកន្លែងមួយឃ្លាតពីនេះតែប៉ុន្មានម៉ែត្រនារីម្នាក់ស្លៀកពាក់ជិតបានធ្វើឱ្យគ្រឿងផ្ទុះដាក់ជាប់ខ្លួនគេផ្ទុះក្រោយពីគប់គ្រាប់បែកដៃមួយគ្រាប់។
ការវាយប្រហារនេះបានសម្លាប់នារីម្នាក់ក្រៅពីនារីអត្តឃាតដែលមានអាយុប្រមាណជា២៥ឆ្នាំ។ នារីអត្តឃាតនេះធ្វើឱ្យផ្ទុះពេលចូលទៅជិតចំណុចត្រួតពិនិត្យមួយ។ ប៉ូលិសម្នាក់បានត្រូវរបួស។ ការវាយប្រហារភេរវកម្មទាំង២នេះអាចធ្វើដោយមានកិច្ចសហការគ្នា ៕
ចែករំលែកព័តមាននេះ