ប្រុងប្រយ័ត្ន! ក្រុមចោរបន្លំជិះម៉ូតូជាគ្រួសារ លុះគ្មានអ្នកចាប់អារម្មណ៍ លួ.ចទ្រព្យសម្បត្តិក្នុងឡានអាជីវករនៅផ្សាររាត្រីផ្លូវថ្មើរជើង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីជាអាជីវករផ្សាររាត្រីផ្លូវថ្មើរជើងម្នាក់ ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចរបស់របរ និងទ្រព្យសម្បត្តិក្នុងរថយន្តចំនួន២លើក ទើបសម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យជួយស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចស្តុបវត្តឧណ្ណាលោម ផ្សាររាត្រីផ្លូវថ្មើរជើង តាមផ្លូវព្រះស៊ីសុត្ថិ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះឈ្មោះ និច អាយុ៣៥ឆ្នាំ មុខរបរលក់គ្រឿងអង្កាំថ្មឬត្បូងថ្មហ្គិច ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានរៀបរាប់ឱ្យដឹងថា មុនកើតហេតុ រូបគាត់ជាអាជីវករលក់ដូរនៅផ្សាររាត្រីថ្មើរជើងជារៀងរាល់ថ្ងៃសៅរ៍និងអាទិត្យ គឺលក់ថ្មហ្គិចឬអង្កាំថ្ម លុះដល់ម៉ោងបិទផ្លូវថ្មើរជើង និងបើកដំណើរការអោយរថយន្តនិងម៉ូតូធ្វើដំណើរបានវិញ ក៏ចាប់ផ្ដើមរៀបចំទុកដាក់អីវ៉ាន់ចូលក្នុងរថយន្តម៉ាកឡិចស៊ីស ហើយរៀបអីវ៉ាន់ជិតរួចនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០២៦ ក៏មានជនសង្ស័យបន្លំបើកទ្វាររថយន្តខាងឆ្វេងដៃលួចយកទូរស័ព្ទចំនួន២គ្រឿង ស៊េរីទំនើបអាយហ្វូន១៥ អាយហ្វូន១១ប្រូ លុយពី៥០០ទៅ៦០០ដុល្លា លិខិតឆ្លងដែន និងកាត ATM បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជីវករលក់ដូរ ដោយគេបានឃើញមានជនសង្ស័យ៣នាក់ ក្នុងនោះប្រុស១នាក់ ស្រី១នាក់ មានដឹកក្មេងចន្លោះពីអាយុ៧ឆ្នាំម្នាក់ នៅពីមុខ ជិះម៉ូតូមកឈប់ក្បែររថយន្តខាងលើដែរ តែមិនមានអ្នកណាចាប់អារម្មណ៍ស្មានតែប្រជាពលរដ្ឋជិះម៉ូតូដឹកគ្រួសារចេញពីផ្សាររាត្រីផ្លូវថ្មើរជើង លុះពេលជនរងគ្រោះបាត់បង់របស់របរ និងទ្រព្យសម្បត្តិ ហើយទើបនឹកឃើញ ។
ជនរងគ្រោះបានអោយដឹងទៀតថា ជាលើកទី២ហើយ ដែលរូបគាត់ត្រូវជនសង្ស័យបើកទ្វាររថយន្តរបស់គាត់លួចយកសម្ភារ:នៅចំណុចផ្សាររាត្រីផ្លូវថ្មើរជើង ដោយលើកទី១មិនបាត់បង់ច្រើន លើកនេះបាត់បង់ច្រើន ទើបដាក់ពាក្យបណ្ដឹងដើម្បីសមត្ថកិច្ចជួយស្រាវជ្រាវ តាមចាប់ជនសង្ស័យ យកដាក់ទោសតាមផ្លូវច្បាប់ ។
ក្រោយកើតហេតុ នគរបាលខណ្ឌដូនពេញបើកការស្រាវជ្រាវតាមចាប់និងកំណត់មុខសញ្ញាជនសង្ស័យឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើចាត់ការតាមផ្លូវច្បាប់ ៕





ចែករំលែកព័តមាននេះ