ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ៃលិន៖ ឱ្យពេលរហូតដល់ថ្ងៃទី៣០ កញ្ញា កាស៊ីណូទាំង៨ ត្រូវឈប់ធ្វើសកម្មភាពភ្នាល់អន​ឡាញ

3 អាទិត្យ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន នា​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ដាក់​បទបញ្ជា និង​ណែនាំ​ផ្ទាល់​ដល់​ម្ចាស់ ឬ​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន​០៨​ទីតាំង ស្ថិត​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​ភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ (Online Betting) ត្រឹម​ដំណាច់​ខែកញ្ញា​នេះ ជា​កំហិត​តែ​ម្តង ​។

នៅ​ក្នុង​ឱកាស​នោះ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ បាន​គូសបញ្ជាក់​ផង​ដែរ​ថា ការ​លុប​បំបាត់ និង​បង្ក្រាប​រាល់​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​រូបភាព​ទាំងអស់ ជា​ពិសេស​ល្បែងភ្នាល់​តាម​ប្រព័ន្ធ អ៊ីនធើរណេត / អន​ឡាញ (Online Betting) ដែល​ជា​ប្រភព​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​ ។

ម្យ៉ាងវិញទៀត ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់ លោក​ជំទាវ​បណ្ឌិត​អភិបាលខេត្ត​បាន​កំណត់​កាលបរិច្ឆេទ​ដាក់​ឱ​សា​ន​វាទ​ចុង​ក្រោយ ត្រឹម​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦ ហើយ​ចាប់ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៦ តទៅ អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចុះ​ត្រួតពិនិត្យ ដើម្បី​អនុវត្ត​វិធានការ​ច្បាប់​ដោយ​ផ្ទាល់ នៅ​តាម​ទីតាំង​កាស៊ីណូ​ទាំងនោះ ដោយ​គ្មាន​ការ​លើកលែង ឬ​យោគយល់​អ្វី​ឡើយ គឺ​គ្រប់​កាស៊ីណូ​ទាំងអស់​ក្នុង​ខេត្ត​ត្រូវ​តែ​គោរព និង​អនុវត្ត​តាម​ការ​កំណត់​ពេលវេលា​នេះ ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ ហើយ​កាស៊ីណូ​ទាំងអស់ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​តែ​អតិថិជន ដែល​មក​លេង​ដោយ​ផ្ទាល់​ដល់​ទីតាំង​ប៉ុណ្ណោះ​ ។

លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវ​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ដោយ​បន្ត​តាមដាន ស្រាវជ្រាវ និង​ក្តាប់ ព័ត៌មាន ឱ្យ​បាន​ជាប់​ជា​ប្រចាំ ដើម្បី​ធានា​បាន​ថា បន្ទាប់​ពី​ដាច់​ខែកញ្ញា​នេះ​តទៅ ខេត្ត​ប៉ៃលិន​នឹង​ក្លាយជា​ខេត្ត​គំរូ​មួយ ដែល​គ្មាន​សកម្មភាព ល្បែងស៊ីសង​តាម​អន​ឡាញ​(Online Betting) ឡើយ​។ ចំណែក​ប្រជាពលរដ្ឋ​ក៏​គាំទ្រ​ចំពោះ​ចំណាត់ការ​នេះ ដើម្បី​កុំឱ្យ​មាន​បញ្ហា​កើតឡើង​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​​ ៕