រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡាបុកគ្នាជាមួយម៉ូតូពេញទំហឹង ក្នុងពេលកំពុងបើកផ្ទុយទិសគ្នាបណ្តាលឱ្យអ្នកជិះម៉ូតូម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងពីរនាក់ទៀតរងរបួសធ្ងន់ ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តគេចខ្លួនបាត់។ គ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១១ នៅលើផ្លូវជាតិលេខ៤ក្នុងភូមិកល់ សង្កាត់កន្ទោក ខណ្ឌដង្កោ រាជ ធានីភ្នំពេញ។
រថយន្តនោះម៉ាកកូរ៉ូឡាពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ២D០៦៧៤ ។ ចំណែកឯម៉ូតូម៉ាកហុងដាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១AJ២៥១៨ជិះគ្នា៣នាក់ ហើយអ្នកស្លាប់ឈ្មោះរ៉ុង ដារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅក្នុងភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែកអ្នករបួសពីរនាក់ទៀត ម្នាក់ឈ្មោះមិត ម៉ុន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល និងម្នាក់ទៀតឈ្មោះម៉េង តិចហេង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នា ពេលនេះកំពុងព្យាបាលនៅមន្ទីរពេទ្យ។
តាមប្រភពព័ត៌មានឱ្យដឹងថា រថយន្ត និងម៉ូតូបើកផ្ទុយទិសគ្នា ដោយរថយន្តធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ចំណែកឯម៉ូតូធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលឿនគួរសមដែរ។ ពេលទៅដល់ត្រង់ចំណុចកើតហេតុម៉ូតូបើកវ៉ារ៉ឺម៉កម៉ូតូដែលនៅខាងមុខ ឯរថយន្តរេចង្កូតចូលទៅចំណែកផ្លូវរបស់ម៉ូតូ រួចបុកគ្នាពេញទំហឹង។
ប្រភពដដែលបន្តទៀតថា រថយន្តកូរ៉ូឡានោះផ្ទុះពោងសុវត្ថិភាពទាំងពីរ ឯកង់មុខខាងឆ្វេងវៀច បែកកញ្ចក់មុខ និងបែកចង្កៀងមុខ ។ ចំណែកឯម៉ូតូខូចខាតស្ទើរទាំងស្រុង ។ អ្នកជិះម៉ូតូទាំង៣នាក់រងរបួសធ្ងន់ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យបានស្លាប់ម្នាក់។ រថយន្ត និងម៉ូតូត្រូវប៉ូលិសខណ្ឌដង្កោនាំយកទៅរក្សាទុកនៅធិការដ្ឋានខណ្ឌរង់ចាំឱ្យតំណាងចូលទៅដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ