ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូខេត្តតៃនិញ ដែលដឹកនាំដោយលោក ផាម តឹនហ្វ័រ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ និងជាប្រធានគណៈកម្មការណែនាំ ៥២៥ខេត្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ចការងារ នៅលើទឹកដីខេត្តប៉ៃលិន ។
នៅក្នងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានសម្តែងនូវការសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់គណៈប្រតិភូខេត្តតៃនិញ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ដែលបានចំណាយពេលដ៏មានតម្លៃ នាំយកនូវសេចក្តីរាប់អាន និងពរជ័យដ៏មហាប្រសើរមកកាន់ទឹកដីខេត្តប៉ៃលិន ហើយវត្តមានរបស់គណៈប្រតិភូ នាពេលនេះ មិនត្រឹមតែជាការផ្តល់កិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពដែលបង្ហាញ យ៉ាងច្បាស់ ពីចំណងមិត្តភាពដ៏រឹងមាំ រវាងកម្ពុជា និងវៀតណាម និយាយជារួម និងរវាងខេត្តប៉ៃលិន និងខេត្តតៃនិញ ។
លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការល្អ រវាងចំណងមេត្រីភាពខេត្តប៉ៃលិន កម្ពុជា និងខេត្តតៃនិញ វៀតណាមនេះ គឺបានបង្ហាញអំពីសាមគ្គីភាពគ្នា រវាងប្រទេសជិតខាង ដោយមិនមានការរើសអើង ពូជសាសន៍ ជនជាតិអ្វីឡើយ ជាពិសេសគឺការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមកស្របពេល ដែលប្រទេសទាំងពីរ ជាប់ភូមិផងរបងជាមួយគ្នា មានទំនាក់ទំនងល្អ ទាំងផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងផ្សេងៗ ។
ជាការឆ្លើយតប លោក ផាម តឹនហ្វ័រ បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាសកម្មភាពការទូតប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏សំខាន់មួយសម្រាប់ភាគី ទាំងពីរផ្លាស់ប្ដូរមតិយោបល់ ពង្រឹងទំនុក ចិត្តនយោបាយក៏ដូចជាបន្តជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ឱ្យកាន់តែជ្រាលជ្រៅ ដើម្បីរួមចំណែក ពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រទេសវៀតណាម និងកម្ពុជា។
លោកប្រធានគណៈប្រតិភូ បានសម្ដែងនូវការអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលខេត្តប៉ៃលិន សម្រេចបាន រយៈពេលកន្លងមក និងបានបង្ហាញពីតួនាទី ជាខេត្តដ៏សកម្មមួយ ដែលមានស្ថិរភាព និងរីកចម្រើនខ្លាំង ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា ព្រមទាំងបានចាត់ទុកទំនាក់ទំនង រវាងប្រទេសវៀតណាម និងកម្ពុជា គឺជាទំនាក់ទំនងពិសេសជាប្រវត្តិសាស្ត្រ ហើយកិច្ចសហប្រតិបត្តិការរវាងខេត្តតៃនិញ និងខេត្តប៉ៃលិន មានតួនាទីដ៏សំខាន់ ក្នុងការអនុវត្តន៍គោលនយោបាយរបស់ប្រទេសទាំងពីរ ជាពិសេសកិច្ចសហការលើ ការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិន៕






ចែករំលែកព័តមាននេះ