ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ចំកិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​ព្រំដែន​ទូ​ទៅ​កម្ពុជា​-ថៃ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ​លោក​នាយ​ឧត្តមសេនីយ៍នាង ផាត ​​ទីប្រឹក្សា​ផ្ទាល់សម្តេច​​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន ​និងជា​ប្រធាន​​លេខាធិការ​ដ្ឋាន​​​គណៈ​កម្មាធិការ​ព្រំដែនទូទៅកម្ពុជា-ថៃ បានប្រាប់អ្នក​​សារព័ត៌មាន​​​កាលពី​ថ្ងៃទី​​១១ សីហា ​​ឆ្នាំ​២០១១ ​​​​ថា គណៈ​កម្មាធិការ​ព្រំដែន​​ទូទៅ​កម្ពុជា​-ថៃ

រាជធានីភ្នំពេញ​​ ៖ ​​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ​លោក​នាយ​ឧត្តមសេនីយ៍នាង ផាត ​​ទីប្រឹក្សា​ផ្ទាល់សម្តេច​​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន ​និងជា​ប្រធាន​​លេខាធិការ​ដ្ឋាន​​​គណៈ​កម្មាធិការ​ព្រំដែនទូទៅកម្ពុជា-ថៃ បានប្រាប់អ្នក​​សារព័ត៌មាន​​​កាលពី​ថ្ងៃទី​​១១ សីហា ​​ឆ្នាំ​២០១១ ​​​​ថា គណៈ​កម្មាធិការ​ព្រំដែន​​ទូទៅ​កម្ពុជា​-ថៃ (GBC) នឹងជួបប្រជុំ​ក្នុង​ពេលឆាប់​ៗ​ខាង​មុខ​នេះ​ ប៉ុន្តែ​លោក​​នាយ​ឧត្តមសេនីយ៍​​មិន​បាន​បញ្ជាក់​ពី​​កាលបរិច្ឆេទ​ និង​ទីកន្លែង​រៀបចំ​កិច្ច​​​ប្រជុំ​នោះ​​ឱ្យ​បាន​ច្បាស់លាស់​ទេ​ ។ ការ​​ថ្លែង​ដូច្នេះ​​​​​ក្នុងពេល​ដែលលោក​​​នាយ​​ឧត្តម​​សេនីយ៍​​ចូល​រួមក្នុង​កិច្ច​ប្រជុំ​​​ពិភាក្សា​​​ស្តីពីការ​សហការ និង​ទំនាក់ទំនងល្អ​​ ​លើ​ការ​ងារ​ព្រំដែន​​​ រវាង​គណៈ​កម្មាធិការ​ព្រំដែន​​​ថ្នាក់​យោធភូមិ​ភាគ​កម្ពុជា​-ថៃ (RBC) នាថ្ងៃទី​​១១ សីហា ​​ឆ្នាំ​២០១១ ​នៅ​ទីស្តីការ​ក្រសួងការ​ពារ​​ជាតិ​។

លោក​​នាយឧត្តមសេនីយ៍​​​​នាង ផាត ​​មាន​ប្រសាសន៍​​នា​ឱកាស​នោះ​ថា យោងតាម​​អនុ​សាសន៍​​​របស់សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​​ហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​​​នៃព្រះរាជា​ណាចក្រ​កម្ពុជា​​​ ក្នុងអង្គ​ប្រជុំពេញ​​អង្គគណៈរដ្ឋ​មន្ត្រី​​​ នា​ថ្ងៃទី​​៥ សីហា ​ឆ្នាំ​២០១១ និង​​តាម​មតិ​ណែនាំ​​របស់លោក​ឧបនាយករដ្ឋមន្ត្រី​​​ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​​​ការ​ពារជាតិ ​​​បាន​លើក​ឡើង​ អំពី​គោល​បំណង​នៃកិច្ចប្រជុំ​​​​ពិភាក្សា​​​ស្តីពីការ​សហ​ការ និង​ទំនាក់ទំនងល្អ​លើ​ការងារ​ព្រំដែន​រវាង​គណៈ​កម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​​កម្ពុជា​-ថៃ (RBC) សំដៅបង្កើន​កិច្ច​​សហប្រតិបត្តិ​ការ​​ និង​ទំនាក់ទំនងល្អ​រវាង​កម្ពុជា​-ថៃ ​​នៅព្រំ​ដែន ​​ធ្វើ​ឱ្យ​​​តំបន់​ព្រំដែន​​​ក្លាយ​ទៅជា​តំបន់​សន្តិ​ភាព​ មិត្តភាព ​សហប្រតិបត្តិការ​ និង​​អភិវឌ្ឍន៍។ ​​គោល​ដៅ​​នេះ​នឹង​សម្រេច​បាន​​តាម​ការ​យោគ​យល់គ្នា សហ​ប្រតិ​បត្តិការ​​គ្នា ​និង​ដោះស្រាយ​​បញ្ហា​ដោយ​​​សន្តិ​វិធី ។

លោកនាយ​ឧត្តមសេនីយ៍​​​នាង ផាត បាន​បញ្ជាក់​ថា ​អ្វីដែលបាន​រៀបរាប់​ខាងលើ​​ជា​គោល​នយោ​បាយ​​​របស់​​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​កសាង​តំបន់ព្រំដែន​ កម្ពុជា​-ថៃ ​​ជា​តំបន់​សន្តិ​ភាព និង​​អភិវឌ្ឍន៍​​ឱ្យ​បាន​​​ប្រសើរឡើង​ជា​លំដាប់​។ គោល​​ដៅ​ជា​យុទ្ធ​សាស្ត្រ​​​របស់​រាជ​រដ្ឋា​ភិ​បាល​នៅក្នុង​​​ក្របខណ្ឌនៃកិច្ច​​ការពារ និងអភិ​វឌ្ឍ​ន៍​ប្រទេស​ជាតិ ​ដោយបន្តអនុវត្ត​​​ចក្ខុវិស័យ​​​របស់​​សម្តេច​​អគ្គ​មហាសេនាបតីតេជោហ៊ុន សែន ប្រែក្លាយ​​​​អតីត​តំបន់​​​ប្រយុទ្ធ​​​មក​ជា​តំបន់​អភិ​វឌ្ឍ​ពីសមរភូមិ​​​​ទៅជាទីផ្សារ​​ ពីស្នូរ​គ្រាប់​​​ទៅជា​កន្លែង​​​​សូត្រ​ធម៌ ឬ​ស្តាប់​ភ្លេង ស្តាប់​ចម្រៀង​​ ពី​តំបន់​​គ្រោះថ្នាក់​​ទៅជា​តំបន់​ទេសចរណ៍​។

ពាក់ព័ន្ធ​នឹង​​​ការ​ដកកង​ទ័ព​​ចេញ​ពីតំបន់​​ក្បែរ​ប្រាសាទ​ព្រះវិហារ​ លោកនាយ​ឧត្តម​សេនីយ៍​​​​នាង ផាត បាន​មានប្រសាសន៍​ថា ចំពោះ​តំបន់​​ក្នុង​គំនូស​​ ICJ ប្រមាណ​​១៧គីឡូម៉ែត្រ​ការ៉េ​នោះ ប្រសិន​បើ​​មានការ​ដក​​​ទ័ពគឺទាំង​កម្ពុជា​ និង​ថៃ ត្រូវដក​ដំណាល​គ្នា​​ និង​ស្ថិត​​ក្រោម​ការ​ត្រួត​ពិនិត្យ​​​របស់​អ្នក​សង្កេត​ការណ៍​​ឥណ្ឌូណេស៊ី ។ ​​ចំណែក​ការ​​កែ​សម្រួលកងទ័ព​ដែល​​កម្ពុជា​បាន​​​ធ្វើ​កន្លង​មក គឺមិន​​​ពាក់​ព័ន្ធ​​​ក្នុងផ្ទៃ​ដី​​​១៧គីឡូម៉ែត្រ​ការ៉េ ​ដែល​កំណត់​​ដោយ ICJ នោះទេ ហើយ​​ជា​ប្រពៃ​ណី​​នៃការ​​កែ​ស​ម្រួល​​កង​ទ័ព​​​របស់កង​​​យោធ​ពល​ខេមរ​ភូមិន្ទ​​​​ ៕